(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់បុគ្គលិកពេទ្យទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើការងារឱ្យបានកាន់តែច្រើន ប្រកបដោយគុណភាពខ្ពស់ ទើបអាចផ្ដល់ប្រយោជន៍ និងសេវាព្យាបាល ជូនដល់ប្រជាពលរដ្ឋយើងបានកាន់តែប្រសើរ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅទន្លេបាសាក់២ ដែលសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃទី១៥-១៦ខែសីហានេះ។
ក្នុងឱកាសរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ជាក់ស្ដែង ដូចក្នុងករណីជំងឺគ្រុនឈាម រហូតមកដល់ពេលនេះ មានការធា្លក់ចុះច្រើន បន្ទាប់ពីមន្ដ្រីពាក់ព័ន្ធរួមគ្នាធ្វើដោយមិនថយដៃឡើយ លទ្ធផលក៏យើងទទួលបានទៅតាមនោះផងដែរ ព្រោះជំងឺទាំងអស់នេះ មិនមែនចុះដោយឯងៗនោះទេ បើយើងទាំងអស់គ្នាមិនប្រឹងប្រែងរួមគ្នាធ្វើ ទាំងការបណ្ដុះបណ្ដាល បច្ចេកទេសពិនិត្យព្យាបាល ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់គ្រប់ភូមិឋាន ស្រុកភូមិ របស់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង ។ដូច្នេះ ការរួមគ្នាធ្វើ និងទទួលខុសត្រូ វ គឺប្រសើរជាងការនិយាយ»។
សម្រាប់ការជួបជុំគ្នា នៅថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសដ៏មានសារៈសំខាន់ ដល់មន្ដ្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍសុខាភិបាល ធ្វើការពិនិត្យមើលរួមគ្នាអំពីវឌ្ឍនភាព និងលទ្ធផលដែលវិស័យសុខាភិបាល សម្រេចបាន ជាពិសេសលទ្ធផលនៃការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើង នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ។ ដូចនេះហើយមន្ដ្រីសុខាភិបាល ត្រូវរួមសាមគ្គីគ្នា ឆ្លើយតបឱ្យទាន់សភាពការណ៍ដែលប្រជាពលរដ្ឋយើងចង់បាន។នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។
សូមជម្រាបថា ចាប់តាំងពីសប្ដាហ៍ទី២៨ ដល់សប្ដាហ៍ទី៣២ (ដើមខែកក្កដា ដល់ខែសីហានេះ) ករណីជំងឺគ្រុនឈាម បានថយចុះប្រហែលជា៥០% គឺចុះពី៥ពាន់ករណី មកនៅត្រឹមជាង២ពាន់ករណី ក្នុងមួយសប្ដាហ៍ ។គិតមកដល់ពេលនេះ ក្រសួងបានប្រើប្រាស់ថ្នាំអាបែតអស់ជិត២០០តោន, ថ្នាំបាញ់ជិត១ម៉ឺនលីត្រ ប្រើប្រាស់អស់ ជាង៣០%ប៉ុណ្ណោះ, សម្រាប់សេរ៉ូម ជិត១០ម៉ឺនកំប្លោក គឺមានគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព៕