(ភ្នំពេញ)៖ ក្នុងឱកាសបងប្អូនខ្មែរជាប់សែស្រឡាយចិន រៀបចំពិធីបុណ្យសែនក្បាលទឹក នៅថ្ងៃទី១៥ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈFacebook សម្តេចបានជូនពរបងប្អូនជនរួមជាតិ សុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នា។
ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងថា ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ ទើបនបង្កលក្ខណៈកាន់តែងាយស្រួល ឲ្យបងប្អូនមានឱកាសប្រារព្ធបុណ្យទាន ទៅទៅតាមជំនឿ និងទំនៀមទម្លាប់ ប្រពៃណីរៀងៗខ្លួនដោយសេរី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?។ ថ្ងៃទី១៥ ខែសីហានេះ តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួល ឲ្យបងប្អូនមានឱកាសប្រារព្ធបុណ្យទាន ទៅទៅតាមជំនឿ និងទំនៀមទម្លាប់ ប្រពៃណីរៀងៗខ្លួនដោយសេរី។
សូមជូនពរបងប្អូនជនរួមជាតិ សុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន»៕