(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងលោក ធី ខេមរិន បានឧបត្ថម្ភថវិកា ២លានរៀលជូនមន្ត្រីនគរបាលដែលត្រូវភ្លើងឆាបឆេះក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ។
លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ចនៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រួវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោកបណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។
ក្រោយពេលកើតហេតុ លោក ហួត មុនីពិសាខ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ។ បច្ចុប្បន្នលោក ហួត មុនី ពិសាខ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន។ បើតាមគ្រួសារក្រោយការព្យាបាលដោយយកចិត្តទុកដាក់ស្ថានភាពរបស់មន្ត្រីនគរបាលរូបនេះ បានប្រសើរបន្តិចហើយ។
អ្នកលេងបណ្តាញសង្គម Facebook នៅពេលបានឃើញពីស្ថានភាពនៃការរងគ្រោះរបស់មន្ត្រីនគរបាល ហួត មុនីពិសាខ បានសម្តែងក្តីអាណិតអាសូរ ហើយខ្លះទៀត ក៏បានសម្តែងការស្ញប់ស្ញែងចំពោះស្មារតីនៃការទទួលខុសត្រូវលើភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ អ្នកខ្លះបានចាត់ទុកថានេះ ជាវីរភាពមួយរបស់មន្ត្រីនគរបាលរូបនេះក្នុងប្រតិបត្តិការសង្គ្រោះជីវិតប្រជាពលរដ្ឋពីអណ្តាតភ្លើង។
ដោយក្តីអាណិតអាសូរ និងស្ញប់ស្ញែងចំពោះវីរភាពរបស់មន្ត្រីនគរបាលរូបនេះ មានសប្បុរសជនជាច្រើន បានបរិច្ចាគថវិកាជួយសម្រាលទុក្ខលំបាក និងការព្យាបាលជំងឺ ក៏ដូចជាលើកទឹកចិត្តដល់ចំពោះពលីកម្មក្នុងការងាររបស់មន្ត្រីនគរបាលរូបនេះ។
លោក ធី ខេមរិន បានប្រាប់ Fresh News ថា ការដែលលោកបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់មន្ត្រីនគរបាល ព្រោះតែលោកមានការអាណិតអាសូរ ជាពិសេសរូបលោក បានស្ញប់ស្ញែងចំពោះមន្ត្រីនគរបាលរូបនេះ ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ។ ជាពិសេសហ៊ានផ្សងគ្រោះថ្នាក់ ដើម្បីជួយប្រជាពលរដ្ឋដទៃកុំឱ្យរងគ្រោះដោយសារហេតុការណ៍គ្រោះអគ្គិភ័យនេះ៕