(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានអះអាងឲ្យដឹងថា មិនមានកម្មករណាម្នាក់ ដែលមានការមិនសប្បាយចិត្ត ចំពោះរឿងកាត់ថ្ងៃឈប់សម្រាក ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ។
ការអះអាងបែបនេះរបស់លោក សោម អូន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន ស្តីពី «ការកាត់បន្ថយថ្ងៃឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ» ក្រោយពីមានការលើកឡើងថា មានខាងនិយោជក និងកម្មករមួយចំនួន មានការមិនសប្បាយចិត្ត ចំពោះរឿងកាត់ថ្ងៃឈប់សម្រាក។
ឆ្លើយតបនិងការលើកឡើងបែបនេះ លោក សោម អូន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា រឿងសតិអារម្មណ៍នេះ មកដល់ពេលនេះ ខ្ញុំក្ដាប់ទៅដូចជាមិនមានកម្មករ ដែលមិនសប្បាយចិត្តរឿងនឹងទេ...ដូចខ្ញុំបាននិយាយចឹង អ្វីដែលជាតំរូវការរបស់កម្មកររបស់យើង គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ ហើយធ្វើយ៉ាងណា ដើម្បីគាត់ទទួលបានប្រាក់ឈ្នូលប្រចាំខែ»។
លោក សោម អូន បន្ថែមទៀតថា «យើងត្រូវយល់ថា អ្វីដែលកម្មករយើងកំពុងធ្វើ ចំនួនជិត១លាននាក់ ខ្ញុំគិតថា ប៉ុណ្ណឹងយើងមិនគ្រប់ទេ ព្រោះយោងតាមជំរឿនរបស់រាជរដ្ឋាភិបាលថ្មីៗនេះ គឺប្រជាជនយើង ឡើងជិត១៦លាននាក់ ចឹងយើងសួរថា យុវជនដែលដល់អាយុត្រូវការការងារថ្មីប៉ុន្មាននាក់ ចឹង១លាននាក់ដែលគាត់កំពុងធ្វើ ចឹងអ្នកដែលដល់អាយុត្រូវការការងារថ្មី ប៉ុន្មានទៀត អានឹងយើងត្រូវគិត»។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា រូបនេះ បានអះអាងថា ចំពោះការលើកថា មានខាងនិយោជក និងកម្មករមួយចំនួន មានការមិនសប្បាយចិត្ត ចំពោះរឿងកាត់ថ្ងៃឈប់សម្រាក គឺជារឿង «ឆ្នាំងមិនក្ដៅ ក្ដៅគ្រប»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ៤ថ្ងៃ។
បើទោះបីជាយ៉ាងណាក៏ដោយ ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ បានបញ្ជាក់ថា ថ្ងៃឈប់សម្រាកនៅកម្ពុជា នៅតែច្រើនជាងបណ្តាប្រទេសសមាជិកអាស៊ាន ព្រោះថា នៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ថ្ងៃឈប់សម្រាកមានតែ១៦ថ្ងៃប៉ុណ្ណោះ៕