(ពោធិ៍សាត់)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមមួយខ្នង ស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅក្នុងមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអបអរសាទរចំពោះបងប្អូននៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់ ដែលទទួលបានសមិទ្ធិផលថ្មីនេះ ដែលលោកបញ្ជាក់ថា កម្ពុជាបានកែប្រែមុខមាត់ថ្មី ក្រោយពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ នេះគឺជាតម្លៃនៃសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសមានកំណើនសេដ្ឋកិច្ច ជាង៧ភាគរយ និយាយដោយឡែក ជាក់ស្តែងឆ្នាំនេះ មានអ្នកទៅធ្វើហាជ្ជីមានដល់ទៅ ១,១៣៧នាក់ នេះគឺជាតួលេខដ៏ច្រើនលើសលប់មួយ បើធៀបនិងសម័យមុន។
លោកបន្តថា ជាភ័ព្វសំណាងណាស់សម្រាប់សាសនិកឥស្លាមនៅកម្ពុជា ដែលទទួលបាននូវការយកចិត្តទុកដាក់ និងផ្តល់សិទ្ធគ្រប់យ៉ាងពីរាជរដ្ឋាភិបាល ក្នុងការគោរពប្រត្តិបត្តិ ក៏ដូចជាការចូលរួមចំណែក ក្នុងកាអភិឌ្ឍប្រទេសយ៉ាងស្មើមុខស្មើមាត់នៅក្នុងសង្គមជាតិទាំងមូល រហូតទទួលបានការកោតសរសើរ ពីអង្គការ OIC ដែលជាអង្គការធំទីពីរនៅលើពិភពលោក បន្ទាប់ពី UN។ លើសពីនោះទៅទៀត លោកអគ្គលេខាធិការបស់ OIC ក៏បានអំពាវនាវឲ្យប្រទេសដ៏ទៃទៀត យកគំរូតាមប្រទេសកម្ពុជាផងដែរ។ លោកបន្តទៀតថា នេះគឺជាតំលៃនៃសន្តិភាពដែលប្រជាពលរដ្ឋ ត្រូវតែរួមគ្នាថែរក្សា។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បន្តទៀតថា ទន្ទឹមនិងការអនុវត្តន៍ និងការប្រត្តិបតិ្ដតាមច្បាប់សាសនា ក៏សូមបងប្អូនចូលរួមគោរពច្បាប់រដ្ឋឲ្យបានផងដែរ ហើយក៏បានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះពុកម៉ែបងប្អូនទាំងអស់ ដែលនៅតែជឿជាក់ និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងអាណត្តិនេះ បងប្អូនសាសនិកឥស្លាម បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ទៅជិត៩៤ភាគរយ។
គួរជំរាបថា វិហារនេះមានឈ្មោះថា អាល់មូពារឹក ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាបណ្ដោះអាសន្ន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ដោយសម្រេចការសាងសង់បាន៩៥ភាគរយ ហើយគណៈកម្មការសាងសង់ និងប្រកាសស្វែងរកថវិកាពីសប្បុរសជន ដើម្បីសាងសង់ ប៉មខាងលើបន្ថែមឲ្យរួចរាល់ជាស្ថាពរនៅពេលខាងមុខដ៏ខ្លី។
វិហារនេះសាងសង់អស់ថវិកាចំនួន ៩៧,៨៩៦ដុល្លារ ក្នុងនោះថវិកាបានមកពីសប្បុរសជនប្រទេសម៉ាឡេស៊ី ចំនួន៦០,០០០ដុល្លារ ថវិកាជាបដិភាគរបស់បងប្អូនសាសនិកឥស្លាមក្នុងស្រុកចំនួន ៣៧,៨៩៦ដុល្លារ៕