(ស្វាយរៀង)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិនានា និងសេចក្តីណែនាំថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព និងនីតិវិធីនៃការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ក្រុងស្វាយរៀងខេត្តស្វាយរៀង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ជាតំណាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម និងនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារសាខាពន្ធដារខេត្តស្វាយរៀងព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត និស្សិត និងតំណាងសហគ្រាស ស្ថិតក្នុវិស័យស្រូវអង្ករ និងសហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យអាទិភាពប្រមាណ ជិត៤០០នាក់។
លោក សុខ រស់ បានចាត់ទុកការផ្សព្វផ្សាយច្បាប់ បទបញ្ញតិថ្មីៗ ដល់សហគ្រាសធុនតូច និងមធ្យមនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ និងបានធ្វើការណែនាំឲ្យកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាមួយសាខាពន្ធដារខេត្ត ដើម្បីគាំទ្រដល់ការប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលស្របតាមគោលនយោបាយ និងកម្មវិធីកំណែទំរង់វិស័យពន្ធដារ ប្រយោជន៍មានមូលនិធិកាន់តែច្រើន សម្រាប់អភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
លោក សុខ រស់ បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណូល នៃការប្រមូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ខេត្តស្វាយរៀង មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែង គិតត្រឹមខែកក្កដាឆ្នាំ ២០១៩ យើងប្រមូលចំណូលបានប្រមាណ១១,៩៥ពាន់លានរៀល ប្រមាណជិត ៣លានដុល្លារអាមេរិក ស្មើរនឹង៧២,៩១%នៃផែនការច្បាប់។
លោកបណ្ឌិត កែន សម្បត្តិ បានថ្លែងថា គោលបំណង នៃសិក្ខាសាលាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយនូវច្បាប់ បទប្បញ្ញតិ និងសេចក្តីណៃនាំថ្មី ជាពិសេសពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីអនុវត្តនូវមាត្រាទី៩១ នៃច្បាប់ស្តីពីសារពើពន្ធពាក់ព័ន្ធនឹងសិទ្ធិរបស់អ្នកជាប់ពន្ធ ដែលចែងថា «អ្នកជាប់ពន្ធមានសិទ្ធិទទួលព័ត៌មាន ជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធ» សំដៅឱ្យអ្នកជាប់ពន្ធបានជាធាតុចូល និងជាមូលដ្ឋានសម្រាប់យកទៅអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិតបានថ្លែងបន្តថា អគ្គនាយកដ្ឋានពន្ធដារ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបនូវបទប្បបញ្ញតិស្តីពីពន្ធដារ ជាពិសេសបទប្បញ្ញតិ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ជូនដល់អ្នកជាប់ពន្ធ តាមរយៈសិក្ខាសាលាបណ្តាញសារព័ត៌មាន Facebook, ទូរទស្សន៍ Fresh News ជាពិសេស វេបសាយរបស់អគ្គនាយកដ្ឋានពន្ធដារ សំដៅពង្រឹងវប្បធម៌នៃការបង់ពន្ធ និងអនុលោមភាពសារពើពន្ធ។
លោកបណ្ឌិត កែន សម្បត្តិ បានសំដែងនូវការជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលា នឹងទទួលបានធាតុចូលជាចំណេះដឹង ចំណេះធ្វើ ជាបទប្បញ្ញត្តិ និងជាបទពិសោធពាក់ព័ន្ធដល់ការបំពេញកាតព្វកិច្ចពន្ធដារ របស់អ្នកជាប់ពន្ធ ហើយក៏ជាប្រយោជន៍យកទៅអនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ និងលិខិតបទដ្ឋានស្តីពីពន្ធដារជាធរមាន ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសអ្នកជាប់ពន្ធតូច និងមធ្យមក្នុងវិស័យអាទិភាព។
ក្នុងករណីអ្នកជាប់ពន្ធចង់បានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ ពីបទប្បញ្ញតិស្តីពីពន្ធដារ និងកិច្ចដំណើរការនៃការបង់ពន្ធ ក៏ដូចជាពាក់ព័ន្ធនឹងការលើកទឹកចិត្ត ផ្នែកពន្ធដារ សិក្ខាកាមអាចទំនាក់ ទំនងទៅថ្នាក់ដឹកនាំ សាខាពន្ធដារខេត្តស្វាយរៀង ឬមជ្ឈមណ្ឌលផ្តល់ព័ត៌មាន (Call Center) របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានលេខទូរស័ព្ទ ១២៧៧ ឬ GDT Live Chart ជាដើម៕