(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំស្ដីពី វេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២) ក្រោមអធិបតីភាពលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណង នៃកិច្ចប្រជុំមានគោលបំណង គឺប្រមូលតម្រូវការអភិវឌ្ឍន៍របស់ខេត្ត ដើម្បីធ្វើជាធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ ថវិកាគម្រោងថវិកាប្រចាំឆ្នាំ និងរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលខេត្ត។
លោក មួង ប៉ាង បានចាត់ទុកវេទិកាពិគ្រោះយោបល់ស្តីពី ការកសាងផែនការវិនិយោគ ៣ឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលខេត្ត ពិតជាមានសារៈសំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍ទាំងថ្នាក់រដ្ឋបាលខេត្តក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីសម្របសម្រួលឲ្យ ស៊ីគ្នារវាងគម្រោងរបស់មន្ទីរ អង្គភាពជុំនាញអង្គការសង្គមសុីវិលគម្រោងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងតម្រូវការគ្រប់ភាគីពាក់ព័ន្ធទាំងអស់គាំទ្រទាំងផ្នែកហិរញ្ញ វត្ថុបច្ចេកទេស ស្មារតី និងធនធានផ្សេងៗទៀត ដើម្បីឈានដល់ការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះដែរ លោក មួង ប៉ាង បានស្នើឲ្យអ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើនីតិវិធី វិធីសាស្រ្ត និងបច្ចេកទេសពីព្រោះកិច្ចការទាំងនេះមានភាពស្មុគស្មាញ។
លោកអភិបាលរងរូបនេះ ក៏បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃមន្ទីរផែនការខេត្តដែលបានសហការ ជាមួយទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដែលបានរៀបចំឲ្យកិច្ចប្រជុំនេះឡើងផងដែរ៕