(កំពង់ធំ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានកិត្តិយសាខា, លោក សុខ លូ
ប្រធានគណៈកម្មាធិការសាខាខេត្ត រួមទាំងគណៈប្រតិភូមិអមដំណើរ អ្នកមុខអ្នកការ មន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១៦០០នាក់ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានចាត់ទុកវិស័យស្នូល៤ គឺអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
*ទី១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ
*ទី២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
*ទី៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតំម្លៃមនុស្សធម៌
*ទី៤៖ រ៉ឹងមាំហើយអ្វីក៏សម្រេចបានជោគជ័យ។
លោក សុខ លូ បានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបដិសន្ធិនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨២ បានបំពេញបេសកកម្មជាអង្គការផ្តល់អំណោយដល់គ្រួសារជនរងគ្រោះ ដោយសារទឹកជំនន់ខ្យល់ព្យុះ រលំផ្ទះ អគ្គិភ័យចាស់ជារាគ្មានទីពឹង ជនពិការ កុមារកំព្រា ជនរងគ្រោះដោយសារសង្រ្គាម ជនភៀសសឹក និងជនមាតុភូមិវត្តន៍ តាមរយៈផ្តល់សម្ភារ ឧបភោគបរិភោគ ស្បៀងអាហារ ថ្នាំពេទ្យ ទីស្នាក់ការ ស្ថិតក្នុងផ្ទះល្វែង រហូតដល់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ បានសាងសង់ទីស្នាក់ការថ្មីមានទំហំ ២០ម គុណ ១៨៣៦០ម៉ែត្រក្រឡា កម្ពស់ ២ជាន់ មានសាលប្រជុំធំ១ តូច១ បន្ទប់ទឹក៨ លើផ្ទៃដី ៥.៩១៣ ម៉ែត្រក្រឡា និងបានចំណាយសរុបទាំងសម្ភារ ១.៤០០.០០០ដុល្លារ និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំឮ២០១៩។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា កាកបាទក្រហមកម្ពុជា ត្រូវតែពង្រឹងប្តេជ្ញាចិត្តបំពេញបេសកកម្មមនុស្សធម៌ សមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ លើកកម្ពស់ឋានៈស្របច្បាប់ ពីជំនួយការឲ្យអាជ្ញាធរសាធារណៈ ប្រមូលផ្តុំកម្លាំង ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាព លើកកម្ពស់ គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ រួមទាំងការងារអភិវឌ្ឍន៍ស្ថាប័ន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជា បាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ទឹកជំនន់ គ្រោះរាំងស្ងួត ការកើតមាន ជំងឺរាត្បាត គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន អំពើហិង្សាក្នុងគ្រូសារ។
លោកស្រីបានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាជួយឧបត្ថម្ភគាំទ្រ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីឲ្យសាខាបន្តពង្រឹងបានភាពម្ចាស់ការ និងធនធានហិរញ្ញវត្ថុ អាចបំពេញបាននូវតួនាទី បំរើលើវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះ។
ក្នុងពិធីសម្ពោធអាគារស្នាក់ការកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គឺទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនសរុប ១០,២៤០ដុល្លារ និង៤០,៧៤០,០០០រៀល ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ៕