Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រស់ ផារិទ្ធ ដឹកនាំមន្ត្រីចុះពិនិត្យមើលការជួសជុលផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ៣ខ្សែ ប្រវែង១៥គីឡូម៉ែត្រ

15-08-2019 13:42

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញចុះដោះស្រាយ និងពិនិត្យមើល ការជុសជុលផ្លូវរបស់មន្ទីរ អភិភិវឌ្ឍន៍ជនបទខេត្តចំនួន ៣ខ្សែ មានប្រវែង ១៥គីឡូម៉ែត្រ ឆ្លងកាត់ ៩ភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋនារដូវវស្សានេះ។

លោក រស់ ផារិទ្ធ បានថ្លែងថា តាមសំណូមពររបស់អាជ្ញាធររដ្ឋបាលឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋឃុំកំពង់ចក និងឃុំពងទឹក ស្រុករំដួល និងអនុវត្តតាមការដឹកនាំ និងការណែនាំផ្ទាល់របស់ លោក ម៉ែន វិបុល អភិបាលខេត្ត លោកបានចុះដោះស្រាយ និងពិនិត្យមើលការជួសជុលផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ៣ខ្សែ ប្រវែង ១៥គ.ម ឆ្លងកាត់ ៩ភូមិ រួមមាន៖ ភូមិកំពង់ចក ភូមិល័ក្ខណ៍រាជា ឃុំកំពង់ចក និងភូមិព្រៃស្រគុំ ភូមិអណ្តូងក្រសាំង ភូមិទួលតាកែវ ភូមិត្រពាំងផ្អាវ ភូមិសេកយំ ភូមិព្រៃតាយ័ន្ត ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ដែលរងការខូចដោយសារទឹកភ្លៀង និងការដឹកជញ្ជូននៅក្នុងរដូវវស្សានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត សិស្សានុសិស្ស ការដឹកជញ្ជូនទំនិញផលិតផលកសិផល និងការធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋទូទៅ ។

ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ និងក្រុមការងារបានចូលរួមជួយដោះស្រាយថ្មមិចចំនួន ១ឡាន តម្លៃ ២៧០ដុល្លារ ដើម្បីជួយសម្រូលលុបគ្រហិកគ្រហុកតាមផ្លូវ តាមការស្នើសុំរបស់លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ៕