(ភ្នំពេញ)៖ នៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បាននាំខ្លួនបុរសសង្ស័យ ជាម្ចាស់គណនី Facebook ដែលប្រើឈ្មោះនិងរូបលោក ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជនឲ្យតំណាងអយ្យការបើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
ពាក់ពន្ធ័ដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បុរសម្នាក់ ដែលបង្កើត Facebook ដោយប្រើរូប លោក ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន ដើម្បីបោកប្រាស់អ្នកដទៃនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ។
បើតាម ឧត្តមសេនីយ៍ឯក ជា ពៅ គឺពេលនេះ ជនសង្ស័យខាងលើនេះ កំពុងស្ថិតនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលនឹងត្រូវបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះតែម្តង។
សូមបញ្ជាក់ថា នាពេលកន្លងទៅ ជនសង្ស័យខាងលើនេះបានលួចរូបថត លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន យកទៅបង្កើតគណនី Facebook ដើម្បីបោកប្រាស់អ្នកដទៃរហូតដល់មាន គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi បានបង្ហោះរូបលោកមេធាវី និងសារមួយចំនួនទម្លាក់កំហុស មកលើលោកមេធាវី ដោយមិនដឹងមូលហេតុថែមទៀត។
ករណីនេះ លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែនក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំទាំងអស់ និងសាធារណជនកុំឱ្យមានការភាន់ច្រឡំបន្ដទៀត ព្រោះអ្នកប្រើប្រាស់គណនី Facebook ទាំងនេះ បានក្លែងបន្លំរូបលោកតែប៉ុណ្ណោះ។
លុះនានៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩ លោកមេធាវី ប៊ុន ហួន ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកជនបង្ក នៅនាយកដ្ឋានប្រឆ្នាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយស្រាវជ្រាវតែម្តង៕