(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានខេត្តកម្ពុជាចំនួន៨ បានរងគ្រោះដោយទឹកជំនន់ ក្នុងនោះក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរហូតដល់ជិត៨ពាន់គ្រួសារផងដែរ ដែលក្នុងនោះបានបណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។
ខេត្តកម្ពុជា ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង និងខេត្តកំពង់ធំជាដើម ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ៩៥២០នាក់។
តាមរបាយការណ៍ គឺជំនន់ទឹកភ្លៀង នៅខេត្តទាំង៨ បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងចំនួន៦៩០០កន្លែង ប៉ះពាល់ដល់សត្វពាហនៈ ៥៤៤៧ក្បាល ប៉ះពាល់សន្ទូង៥២០៨ហិកតា ខូចខាតសន្ទូង៣០០ហិកតា និងប៉ះពាល់ដំណាំ២២៧៥ហិកតា ខូចខាតដំណាំ ៩៤០ហិកតា។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស។
ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។
ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តរតនគីរី បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។ តាមបណ្តាខេត្តមួយចំនួនពេលនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នផងដែរ៕