(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩នេះ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានកត់សម្គាល់ឃើញថា វិនិយោគិនបរទេស និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា ហើយរងគ្រោះមានចំនួន១៦១ករណី សរុប១៨១នាក់។ ចំណែកជនបរទេសដែលប្រព្រឹត្តបានបទល្មើសមានចំនួន ៨៤ករណី ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសរុប ៤៥០នាក់។
នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម Hotline ជាមួយជនបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ប្រាប់តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបប្រជុំមួយ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ថោង លីម បានបន្ថែមឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន១៧៨ករណី គឺថយចុះ ៩,៥% ដែលក្នុងសញ្ជាតិរងគ្រោះច្រើនជាងគេគឺ ចិន វៀតណាម បារាំង អង់គ្លេស អាមេរិក ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ គឺនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហន។
លោកបានបន្តឱ្យដឹងថា ក្រៅពីជនបរទេសរងគ្រោះ គឺនៅមានជនបរទេសប្រព្រឹត្តបទល្មើសចំនួន ៨៤ករណីផងដែរ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសរុប ៤៥០នាក់ (១៧សញ្ជាតិ) លើបទល្មើស ១១ប្រភេទ (បើប្រៀបធៀបជាមួយត្រីមាសទី២ ឆ្នាំ២០១៨ មាន៨៨ករណី គឺថយចុះ៤,៥៤%)។ សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង អ៊ុយក្រែន ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
គួរបញ្ជាក់ថា ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានា រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានាក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការអន្តរាគមន៍ដោះស្រាយបញ្ហា និងជួយសង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា៕