(សៀមរាប)៖ ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យបានឆាប់ឆេះស្ថានីយ៍ហ្គាស នៅខេត្តសៀមរាប បណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់មន្ត្រីនគរបាលជាតិម្នាក់ ដែលកំពុងបំពេញភារកិច្ចនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានចាត់ឲ្យក្រុមការងារយកថវិកាឧបត្ថម្ភជូនមន្ដ្រីនគរបាល ដែលហ៊ានប្រថុយគ្រោះថ្នាក់ ស្ទើរបង់ជីវិតរហូតរបួសពេញខ្លួនប្រាណ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានចាត់ឲ្យតំណាងយកថវិកាចំនួន២លានរៀល ប្រគល់ផ្ទាល់ដល់ដៃក្រុមគ្រួសារ លោក ហួត មុនី្ន ពិសាខ ជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្រុមការងាររបស់នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ទុកថា នេះជាការលះបង់របស់មន្ដ្រីនគរបាលគំរូម្នាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដោយមិនខ្លាចគ្រោះថ្នាក់ដល់ខ្លួនឯងនោះឡើយ។
ជាមួយគ្នានេះ ក្រុមការងារក៏បានជូនពរ ដល់មន្ដ្រីនគរបាលដែលរងគ្រោះថ្នាក់ ឆាប់មានសុខភាពល្អ និងឆាប់ជាសះស្បើយ ដើម្បីបន្ដការងារបម្រើប្រជាពលរដ្ឋ តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។
គួរជម្រាបថា ពាក្យពេចន៍អាណិតអាសូរ ស្ញប់ស្ញែង និងកោតសរសើរ បាននិងកំពុងផុសឡើងយ៉ាងព្រោងព្រាតពីមហាជន ទៅកាន់មន្ត្រីនគរបាល ផ្នែកអន្តរាគមន៍មួយរូប នៅក្នុងខេត្តសៀមរាប បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានរងរបួសធ្ងន់ធ្ងរពេលចុះជួយអន្តរាគមន៍ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅក្នុងក្រុងសៀមរាបនា រសៀលថ្ងៃនេះ។
លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍ បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ច នៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រួវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោក បណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។
បើតាមលោកស្នងការ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ៕