(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៩ សណន របស់ក្រសួងមហាផ្ទៃស្តីពី ការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការចូលរូមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ដ្រីនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។

តាមសេចក្ដីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបានសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សេចក្ដីណែនាំនេះធ្វើឡើង ដើម្បីលើកកម្ពស់ក្នុងការអនុវត្ត តួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕