(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលារួមកម្ពុជា- កូរ៉េ ស្តីអំពី «ការបង្ការការចម្លងមេរោគសម្រាប់គិលានុបដ្ឋាក» ជាមួយមន្ទីរពេទ្យព្រះអង្គឌួង។
ក្រុមការងារសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង បានសំរេចយកប្រធានបទនេះ សម្រាប់ការបណ្តុះបណ្តាលជាពិសេស សម្រាប់គិលានុបដ្ឋាក ដែលគ្រប់គ្រងការឆ្លង និងការគ្រប់គ្រងសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ ហើយជាកម្មវិធីចាំបាច់ មិនត្រឹមតែសម្រាប់អ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងគិតពីសុវត្ថិភាពរបស់បុគ្គលិកមន្ទីរពេទ្យផងដែរ។
ក្នុងអំឡុងពេលនៃសិក្ខាសាលានេះ គិលានុប្បដ្ឋាកដែលជាជនជាតិកូរ៉េចំនួនពីររូប ដែលពួកគាត់មានឯកទេសក្នុងការគ្រប់គ្រង ការបង្ការការចម្លងមេរោគ បានធ្វើបទបង្ហាញទាក់ទងទៅនឹងការការពារ ការចម្លងមេរោគ និងការត្រួតពិនិត្យការបង្ការការចម្លងមេរោគ នៅក្នុងបន្ទប់វះកាត់។ គិលានុបដ្ឋាកចំនួន២៦នាក់ ដែលជាសិក្ខាកាម មកពីមន្ទីរពេទ្យព្រះអង្គឌួង បានចូលរួមសិក្ខាសាលានេះ។ ពួកគេបានចែករំលែកពីព័ត៌មានចាប់មូលដ្ឋានគ្រឹះ ទៅដល់វិធីសាស្រ្តជាក់ស្តែង ក្នុងការគ្រប់គ្រងការឆ្លង។
សិក្ខាកាមចូលរួមទាំងអស់ បានបង្ហាញការដឹងគុណរបស់ពួកគេ ចំពោះទីភ្នាក់ងារកយកា (KOICA) និងសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង ចំពោះការឧបត្ថម្ភ ហើយពួកគេបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងវគ្គសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព សម្រាប់ការយល់ដឹងទូលំទូលាយ អំពីការការពារការចម្លងមេរោគ និងការត្រួតពិនិត្យការចម្លងមេរោគនៅក្នុងបន្ទប់វះកាត់ផងដែរ។
គួររំឭកថារដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន៨លានដុល្លារសម្រាប់ «គម្រោងការកសាងសមត្ថភាព សម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង» ដែលត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២។
អគារមួយខ្នង ដែលមានកំពស់៥ជាន់ ត្រូវសាងសង់ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ហើយត្រូវបានបំពាក់នូវសម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យឲ្យល្អប្រសើរមួយកំរិតទៀត។
ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្តិភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ត្រូវបានបង្កើនសមត្តិភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕