Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ្រ ស្រស់ ជួយឧបត្ថម្ភដល់នគរបាលដែលរងគ្រោះដោយអគ្គិភ័យ នៅខេត្តសៀមរាប ចំនួន២លានរៀល

15-08-2019 09:09

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែសីហានេះ បានចូលរួមឧបត្ថម្ភថវិកា ២លានរៀល ជួយដល់មន្ត្រីនគរបាលម្នាក់ ដែលរងគ្រោះដោយសារអគ្គិភ័យ កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប។

លោកបានប្រាប់ពីគោលបំណងនៃការឧបត្ថម្ភដែរថា គឺដើម្បតបស្នងសងគុណដល់មន្ត្រីនគរបាលនោះ ដែលបានលះបង់ដើម្បីជាតិ និងជួយប្រជាពលរដ្ឋ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់លើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា «សប្តាហ៍ក្រោយខ្ញុំទៅសៀមរាប ហើយខ្ញុំនឹងនាំយកថវិកាចំនួន ២លានរៀល ដើម្បីជួយដល់ប៉ូលីសគំរូនេះផងដែរ។ ខ្ញុំសុំអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តាបន្តជួយគាត់ទៀតផង ដើម្បីតបស្នងនូវអ្វី ដែលគាត់លះបង់ជួយដល់ជាតិ និងបងប្អូនប្រជាពលរដ្ឋ យើង»

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យរបួសមនុស្ស ១២នាក់ ធ្ងន់ ៦នាក់ ស្រ្តីបរទេសជាគ្រូបង្រៀន ២នាក់។

លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ដែលបានចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះក្នុងករណីនេះ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។

ស្នងការនគរបាលខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ចនៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រូវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោក បណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។

បើតាមលោកស្នងការ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ៕