(ភ្នំពេញ)៖ សិស្សចៅក្រម សិស្សចៅក្រមផ្ទៃក្នុង និងសិស្សក្រឡាបញ្ជីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ចំនួន១៨៨នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានធ្វើទស្សនកិច្ចសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

ទស្សនកិច្ចសិក្សានៅបង្កើតឡើង ក្នុងគោលបំណងឱ្យពួកគេបានឃើញ និងស្គាល់ពីទិដ្ឋភាពជាក់ស្តែង នៃសាលាក្តីខ្មែរក្រហម ដែលជាស្ថាប័នតុលាការចម្រុះកម្ពុជាអង្គការសហប្រជាជាតិ ដែលមានយុត្តាធិការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រដិ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវចោទប្រកាន់ប្រព្រឹត្តឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ដំណើរទស្សនកិច្ចរបស់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជីនេះ ក៏មានគោលបំណងដើម្បីស្វែងយល់អំពីវឌ្ឍនភាព នៃបេសកកម្មរបស់សាលាក្តីខ្មែរក្រហម ទាំងវឌ្ឍនភាពនៃសំណុំរឿង និងកិច្ចការរដ្ឋបាល របស់ អ.វ.ត.ក. ក៏ដូចជាមានឱកាសបានឃើញ សាលសវនាការរបស់ អ.វ.ត.ក. រួមជាមួយនឹងការពន្យល់អំពីដំណើរការសវនាការជាក់ស្តែងផងដែរ។

វាគ្មិនជាច្រើនរូបដែលជាមន្ត្រី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានធ្វើបទបង្ហាញ ចែករំលែកបទពិសោធជាបន្តបន្ទាប់។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈបានគូសបញ្ជាក់ ពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏ដូចជាដំណើរការសំណុំរឿងនៅចំពោះមុខអង្គជំនុំជម្រះ ដែលចាប់តាំងពីដំណើរការដំបូងនៅដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកទល់ ឆ្នាំ ២០១៩។

លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ចូលរួមស្វែងរកការពិត ការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ និងពង្រឹងសន្តិភាពនៅកម្ពុជា ផ្សះផ្សាផ្លូវចិត្តជនរងគ្រោះ ដែលរងទុក្ខវេទនាបង្កឡើងដោយខ្មែរក្រហម និងការចងចាំដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅ នៃរបបខ្មែរក្រហមវិលត្រឡប់មកវិញ។

លោក ថោង សុជាតិ មន្ត្រីទទួលបន្ទុកការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានគូសបញ្ជាក់ពីរចនាសម្ព័ន្ធការងារ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមជាមួយនឹងប្រព័ន្ធការងារ ដែលសាលាក្តីខ្មែរបានអនុវត្តន៍។

លោក ថោង សុជាតិ ក៏បានលើកឡើងពី កន្លែងស្តុកឯកសារ និងកន្លែងឃុំឃាំងរបស់ជនជាប់ចោទ។

សូមបញ្ជាក់ថា ក្តីរំពឹងសម្រាប់ទស្សនកិច្ចលើកនេះ រួមមាន៖

១៖ បានឃើញ និងស្គាល់ពីទិដ្ឋភាពជាក់ស្តែងនៃស្ថាប័នតុលាការអន្តរជាតិមួយ នៅលើទឹកដីកម្ពុជា
២៖ ស្វែងយល់អំពីវឌ្ឍនភាពនៃបេសកកម្មរបស់សាលាក្តីខ្មែរក្រហម ទាំងវឌ្ឍនភាពនៃសំណុំរឿង និងកិច្ចការរដ្ឋបាលរបស់ អ.វ.ត.ក.
៣៖ មានឱកាសបានឃើញសាលសវនាការរបស់ អ.វ.ត.ក. រួមជាមួយនឹងការពន្យល់អំពីដំណើរការសវនាការជាក់ស្តែង
៤៖ បានឃើញហេត្ថារចនាសម្ព័ន្ធ អ.វ.ត.ក. រួមជាមួយនឹងប្រព័ន្ធការងារ, កន្លែងស្តុកឯកសារ, និងកន្លែងឃុំឃាំងរបស់ជនជាប់ចោទ
៥៖ ស្វែងយល់អំពីរបៀបគ្រប់គ្រងសំណុំរឿង និងឯកសារដែលពាក់ព័ន្ធនឹងរឿងក្តី៕