(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច៦គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧២នាក់ របួសធ្ងន់១១១នាក់ និងរបួសស្រាល៩១នាក់៕