Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស តាមដីការបស់តុលាការ

14-08-2019 21:08

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី បន្ទាប់ពីចាប់ខ្លួនបាន ពីបទលួចមានស្ថានទម្ងន់ទោស តាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយសហកាជាមួយកម្លាំងអធិការដ្ឋានស្រុកអូររាំងឪ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការតាមចាប់ខ្លួនជនសង្ស័យ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស គឺបានធ្វើឡើងក្រោមការស្រាវជ្រាវ តាំងពីរាជធានីភ្នំពេញ រហូតដល់ចំណុចភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

របាយការណ៍របស់នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោសនេះ ឈ្មោះ ឃាត វិចិត្រ ហៅ ឃៀក ចិត្ត អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្នុងភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។

ក្រោយពីឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរទៅតាមជំនាញជាច្រើនម៉ោង កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕