(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំបើកកិច្ចប្រជុំមួយ ដើម្បីជំរុញឲ្យមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំខាន់ៗ នៅចំពោះមុខ ចំនួន៣តាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបឲ្យទាន់សភាពការ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានការចូលរួមពីលោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ និងលោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងមេភូមិផងដែរ។

លោក ជា ពិសី បានគូសបញ្ជាក់ថា បញ្ហាសំខាន់ៗ ចំនួន៣នៅចំពោះមុខដែលចាំបាច់ត្រូវរួមគ្នាធ្វើការដោះស្រាយ តាមស្មារតីអង្គប្រជុំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបឲ្យទាន់សភាពការ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមមាន៖ ការសម្របសម្រួលករណីស្នើសុំបើកផ្លូវប្រវែង១២០ម៉ែត្រ, ស្របប្រឡាយទ្វារទឹកគីឡូម៉ែត្រលេខ៩ របស់ប្រជាពលរដ្ឋ និងលោកឧកញ៉ា លឹម ហេង ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។

លោកអភិបាលខណ្ឌបន្តថា ទី២៖បញ្ហាប្រឡាយបង្ហូរទឹកអមផ្លូវរថភ្លើង ចាប់ពីចំណុចភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រហូតដល់ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី៣៖វឌ្ឍន ភាពនៃកិច្ចការងារវាស់វែងក្បាលដី ប្រជាពលរដ្ឋជាប់ចំណីព្រែកអូរវែង ចាប់ពីស្ពានបេតុងថ្មីក្រោយវត្តទួលសន្តិវ័ន្ត ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ៕