(ភ្នំពេញ)៖ បន្ទាប់ពីឃើញវីរភាពរបស់ នគរបាលផ្នែកអន្តរាគមន៍មួយរូប ដែលបានរងគ្រោះធ្ងន់ ពេលចុះជួយអន្តរាគមន៍ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងក្រុងសៀមរាប នា រសៀលថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩នេះ លោក ពុត ចន្តារិទ្ធ និងភរិយា តាមរយៈបណ្តាញព័ត៌មាន Fresh News បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីចូលរួមលើកទឹកចិត្តនគរបាលរូបនោះ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យរបួសមនុស្ស ១២នាក់ ធ្ងន់ ៦នាក់ ស្រ្តីបរទេសជាគ្រូបង្រៀន ២នាក់។
លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ដែលបានចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះក្នុងករណីនេះ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។
ស្នងការនគរបាលខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ចនៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រួវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោកបណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។
បើតាមលោកស្នងការ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ។
ចំពោះករណីនេះ សប្បុរសជនម្នាក់ទៀត គឺ កុម៉ារា នឿន សុធិបតី ក៏បានចូលរួមឧបត្ថម្លេីកទឹកចិត្តដល់នគរបាលរងគ្រោះក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យចំនួន១លានរៀលផងដែរ៕