(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានចូលរួមបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៦៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ជើងទេ ១,៥០ម៉ែត្រជូនប្រជាពលរដ្ឋ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជា ដឹកកសិផលរបស់ពួកគាត់ ទៅកាន់ទីផ្សារនានា។

ដោយមានការចូលរួមពីសំណាក់ លោកលោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៣៥០នាក់។

ក្នុងពិធីនេះលោក ជាវ តាយ បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះ អនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក។ ម្យ៉ាងទៀតក៏ជាការចូលរួមចំណែកកែលម្អសោភ័ណ្ឌភាព ក្នុងស្រុកទឹកឈូផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សាការពារផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែងផងដែរ៕