(សៀមរាប)៖ ពាក្យពេចន៍អាណិតអាសូរ ស្ញប់ស្ញែង និងកោតសរសើរ បាននិងកំពុងផុសឡើងយ៉ាងព្រោងព្រាតពីមហាជន ទៅកាន់មន្ត្រីនគរបាលផ្នែកអន្តរាគមន៍មួយរូប នៅក្នុងខេត្តសៀមរាប បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានរងរបួសធ្ងន់ធ្ងរពេលចុះជួយអន្តរាគមន៍ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងក្រុងសៀមរាបនា រសៀលថ្ងៃនេះ។

លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ចនៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រួវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោកបណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។

បើតាមលោកស្នងការ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ។

អ្នកលេងបណ្តាញសង្គម Facebook នៅពេលបានឃើញពីស្ថានភាពនៃការរងគ្រោះរបស់មន្ត្រីនគរបាល ហួត មុនីពិសាខ បានសម្តែងក្តីអាណិតអាសូរ ហើយខ្លះទៀត ក៏បានសម្តែងការស្ញប់ស្ញែងចំពោះស្មារតីនៃការទទួលខុសត្រូវលើភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ អ្នកខ្លះបានចាត់ទុកថានេះ ជាវីរភាពមួយរបស់មន្ត្រីនគរបាលរូបនេះក្នុងប្រតិបត្តិការសង្គ្រោះជីវិតប្រជាពលរដ្ឋពីអណ្តាតភ្លើង។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យរបួសមនុស្ស ១២នាក់ ធ្ងន់ ៦នាក់ ស្រ្តីបរទេសជាគ្រូបង្រៀន ២នាក់។

គ្រោះអគ្គីភ័យនេះ ក៏បណ្តាលឱ្យខូចខាតហាងបញ្ចូលហ្គាសទាំងស្រុង ម៉ូតូ០២គ្រឿង រថយន្តដឹកហ្គាស០១គ្រឿង។ សមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០៥គ្រឿង ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ៕

<