(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ការធ្វើទាសភាពសម័យទំនើបនៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញនូវអ្វីដែលជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងតាមរយៈ វេទិកាជាតិ អន្តរសាសនា លើកទី៣ «ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប» ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល និងពិពណ៌កោះពេជ្រ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលទិវាអន្តរសាសនាថ្នាក់ជាតិដ៏មហោឡារឹកនេះ បានប្រារព្ធធ្វើឡើងក្នុងកម្ពុជា ដោយមានការឯកភាពគ្នារវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំសាសនាធំៗ ទាំងឡាយនៅកម្ពុជា។

បើតាមសម្ដេច ស ខេង វេទិកានេះធ្វើឡើង ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល ស្ថាប័នសាសនា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្សគ្រប់វ័យ ទាំងទារក កុមារ យុវ័យ និងមនុស្សចាស់ គ្រប់ភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតដល់សុខ ភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ យ៉ាងអណោចអធ័ម។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាប្តេជ្ញាចិត្ត ធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយល់ដឹង អំពីអំពើជួញដូរមនុស្សផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា នេះជាសកម្មភាពដ៏កម្រមួយ ដែលបង្ហាញអំពីភាពសុខដុមរមនានៃសាសនា នៅក្នុងប្រទេសកម្ពុជា ដែលមានគោលដៅរួមគ្នា គឺការបង្កើតឲ្យមានសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្តដល់មនុស្ស មិនបៀតបៀនគ្នា មិនប្រឈមមុខដាក់គ្នា ព្រមទាំងរួមគ្នាអប់រំកាយចិត្ត តាមបែបជំនឿសាសនារៀងៗខ្លួន ដល់សាសនិកទាំងឡាយ ឲ្យលើកកម្ពស់សីលធម៌ក្នុងការរស់នៅ និងជួយដាស់តឿនក្រើន រំលឹកគ្នាមិនឲ្យធ្វើនូវអំពើការការគេងប្រវ័ញ រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯងរងទុក្ខវេទនា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងសូមគាំទ្រសកម្មភាពនេះ ឲ្យមានជារៀងរហូតនៅកម្ពុជា ដើម្បីជាគ្រឹះដ៏រឹងមាំ នៃសីលធម៌ក្នុងការរស់នៅ ដែលនាំមកនូវសេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តរបស់មនុស្សក្នុងសង្គម ជាសេចក្តីត្រូវការចាំបាច់ មិនអាចខ្វះបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់វប្បធម៌អារ្យធម៌ដ៏ល្អផូរផង់របស់កម្ពុជា ដែលធ្លាប់មានតាំងពីយូរលង់មកហើយ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា តាមរយៈ «វេទិកាអន្តរសាសនាថ្នាក់ជាតិលើកទី៣» ដែលបាននិងកំពុងតែប្រព្រឹត្តទៅក្នុង ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ នឹងជួយរួមចំណែកដល់សកម្មភាពបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានទៅបញ្ចប់ទាសភាពសម័យទំនើបយ៉ាងពិតប្រាកដ។

មិនតែប៉ុណ្ណោះ សកម្មភាពនេះ បាននិងកំពុងក្លាយទៅជាកម្លាំងសាមគ្គីភាពដ៏រឹងមាំក្នុងសង្គមជាតិកម្ពុជា និងជាសកម្មភាពដ៏រស់រវើកដែលនឹងធ្វើឲ្យជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ឲ្យរួមគ្នាបង្ការទប់ស្កាត់ និងការពារគ្នាទៅវិញទៅមកពីអំពើជួញដូរមនុស្ស ដោយមិនប្រកាន់និន្នាការ និងជំនឿសាសនាណាមួយឡើយ ដើម្បីឈានទៅបញ្ចប់ទាសភាពសម័យទំនើបដ៏ឃោរឃៅនេះ៕