(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងបង្កើនម៉ោងជួញដូរក្នុងផ្សាររហូតដល់ម៉ោង៣រសៀល ពោលគឺបង្កើនពីរយៈពេល៣ម៉ោងកន្លះ ក្នុងមួយថ្ងៃ ទៅ៧ម៉ោងក្នុងមូយថ្ងៃ។ ដូចនេះ រយៈពេលនៃការជួញដូរនឹងកើនឡើងពីរដង បើធៀបនឹងម៉ោងជួញដូរបច្ចុប្បន្ន។
ម៉ោងជួញដូរថ្មីនេះនឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៣រសៀល ចំណែកថ្ងៃជួញដូរ និងវិធីសាស្រ្តជួញដូរក្នុងវគ្គនីមួយៗ នឹងរក្សារនៅដដែល។ ម៉ោងជួញដូរថ្មីនេះ នឹងអនុវត្តជាផ្លូវការចាប់ពីដើមសប្តាហ៍ក្រោយ គឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែសីហានេះ។
ជាមួយម៉ោងជួញដូរថ្មីនេះដែរ CSX រំពឹងថានឺងទទួលបានលទ្ធផលវិជ្ជមានជាច្រើន តាមរយៈការដាក់ឱ្យដំណើរការម៉ោងជួញដូរវែងជាងមុន ដែលនឹងអាចសម្រួលដល់ការជួញដូរឱ្យកាន់តែមានភាពងាយស្រួលជាងមុន ដោយអ្នកចូលរួមទីផ្សារទាំងអស់ អាចបទបែនតាមស្ថានភាពទីផ្សារបានរហ័សជាងមុន។
CSX រំពឹងថា ម៉ោងជួញដូរថ្មីនេះ គឺជាជំហានថ្មីមួយទៀត ដើម្បីក្លាយខ្លូនជាទីផ្សារអន្តរជាតិ។ ម៉ោងជួញដូរថ្មី ដែលកើនឡើងដល់ ៧ ម៉ោងក្នុងមួយថ្ងៃ នឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេស ដែលរស់នៅប្រទេសដែលមានល្វែងម៉ោងខុសពីកម្ពុជា ក្នុងការជួញដូរមូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕