(សៀមរាប)៖ ដើម្បីស្វែងយល់ពីកុលាលភាជន៍ កិច្ចការអភិរក្ស និងចងក្រងឯកសារ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ បានចូលរួមសិក្សាកុលាលភាជន៍ធ្វើបទបង្ហាញដោយលោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអនុវត្តជាក់ស្តែងអំពីការជួសជុល អភិរក្ស និងរក្សាទុកទិន្នន័យនៅអង្គភាពកុលាលភាជន៍អង្គរផងដែរ។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។ កម្មវិធីនេះមានរយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧-១៩ ខែសីហា ឆ្នាំ២០១៩។
លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា ការបង្រៀនយុវជនឱ្យយល់ដឹងពីកុលាលភាជន៍មានសារៈសំខាន់ណាស់ ដើម្បីឱ្យយុវជនបានយល់ដឹងពីកុលាលភាជន៍ កុលាលភាជន៍ខ្មែរដែលផលិតនៅតាមឡ និងប្រភេទកុលាលភាជន៍ខ្មែរទាំងអស់ ដែលបានកំណាយឃើញនៅតាមឡក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗ។
លោកបន្តថា នៅក្នុងពេលនេះដែរយុវជនក៏បានអនុវត្តបច្ចេកទេសជួសជុល និងចុះបញ្ជីសារពើភណ្ឌ ហើយកិច្ចការទាំងអស់នេះអាចបណ្តុះគំនិតយុវជនឱ្យចាប់អារម្មណ៍វត្ថុបុរាណ ដើម្បីចូលរួមថែរក្សា និងធ្វើឱ្យយុវជនយកបទពិសោធន៍នេះទៅអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ និងទៅអនាគត។
លោកក៏បានសំណូមពរដល់យុវជនទាំងអស់ចូលរួមថែរក្សានូវរាល់បេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ និងពិភពលោក។
សូមបញ្ចាក់ថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ រៀបចំឡើងដោយមានកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។
ក្នុងគោលបំណងឱ្យយុវជនចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌ តាមរយៈការបង្កើតកិច្ចទំនាក់ទំនងរវាងយុវជននឹងយុវជន យុវជន និងសហគមន៍មូលដ្ឋាន។
ជំរុញយុវជនឱ្យដឹងកាន់តែច្បាស់នូវសកម្មភាពគ្រប់គ្រង ថែរក្សា អភិរក្សបេតិកភណ្ឌ នេះជាលើកទី៣ហើយ នៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម ១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន៕