(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះមានព័ត៌មាន និងបណ្ដាញសង្គម Facebook មួយចំនួនបានធ្វើការផ្សព្វផ្សាយចោទប្រកាន់មកលើឧកញ៉ា ភឺន ផល្លា ថា មានពាក់ព័ន្ធទៅនឹងរឿងជម្លោះរំលោភបំពានយកដីធ្លីអ្នកដ៏ទៃ ជាច្រើនកន្លែងដោយអាងអំណាចផ្កាយ២ និងជាឧកញ៉ាមានប្រាក់។
ឆ្លើយតបទៅនឹងព័ត៌មានផ្សព្វផ្សាយ ធ្វើការចោទប្រកាន់ខាងលើនេះ, ឧកញ៉ា ភឺន ផល្លា បានចេញមុខធ្វើការបញ្ជាក់ថា សូមឲ្យអ្នកដែលអះអាងចោទប្រកាន់ថា រូបលោកទៅរំលោភបំពានយកដីធ្លីទាំងអស់នោះ យកឯកសារពិតប្រាកដមកតទល់គ្នានៅចំពោះមុខមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដោយបើកចំហ ហើយចុះទៅពិនិត្យមើលដល់ទីតាំងដីទាំងអស់គ្នា លោកត្រៀមឯកសារភស្តុតាងសម្រាប់តតាំងគ្នាតាមផ្លូវច្បាប់ជានិច្ច ហើយគួរតែបញ្ឈប់ទៅនូវការលួចវាយប្រហារ ដោយមិនចេញមុខតាមរយៈព័ត៌មាន និងតាមបណ្ដាញសង្គមតទៅទៀត។
ដោយឡែកពាក់ព័ន្ធទៅនឹងព័ត៌មានចោទប្រកាន់ថា ឧកញ៉ា ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ ឃុបឃិតគ្នាលួចយកស្នាមមេដៃប្រជាពលរដ្ឋចំនួន៣៧គ្រួសារ នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅស្នើសុំឆ្កៀលដីពីតំបន់ឧទ្យានជាតិរាម ចំនួន១៩២,៩០ហិកតា យកមកចែកគ្នា និងចែកឲ្យប្រជាពលរដ្ឋតិចតួច ហើយបច្ចុប្បន្នតំណាងប្រជាពលរដ្ឋកំពុងធ្វើការប្ដឹងទាមទារនោះ ត្រូវបានឧកញ៉ា ភឺន ផល្លា ធ្វើការអះអាងថា ការផ្សព្វផ្សាយព័ត៌មានខាងលើជាព័ត៌មានមិនពិត សូម្បីតែឈ្មោះ គឹម ចំណាន ដែលគេអះអាងថា ជាតំណាងប្រជាពលរដ្ឋ៣៧គ្រួសារ ផ្ដល់ព័ត៌មានទៅឲ្យកាសែតផ្សាយនោះ ក៏ចេញមុខមកអះអាងថា លោកមិនបានផ្ដល់ព័ត៌មាននោះទេ ហើយលោកក៏មិនមែនជាតំណាងពលរដ្ឋចំនួន៣៧គ្រួសារនោះដែរ ដោយឈ្មោះ គឹម ចំណាន ថែមទាំងធ្វើលិខិតបដិសេធជាលាយលក្ខ័ណអក្សរទៀតផង។
ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋ ចំនួន៣៧គ្រួសារ នៅឃុំរាម ស្រុកព្រៃនប់ ស្នើសុំដីអាស្រ័យផលនេះត្រូវបានឧកញ៉ា ភឺន ផល្លា អះអាងថា មិនដឹងជាប្រជាជនរស់នៅកន្លែងណាទេ? ស្នើសុំដីនៅកន្លែងណាពិតប្រាកដផង ក៏ចេះតែយកបញ្ជីឈ្មោះមិនផ្លូវការមួយសន្លឹកនេះមកភ្ជាប់ជាមួយឈ្មោះលោក តាមពិតពាក់ព័ន្ធប្រជាពលរដ្ឋនៅភូមិរាម ឃុំរាម ស្នើសុំដីសហគមន៏រាមចំនួន១៩២,៩០ហិកតា គឺមានបញ្ជីឈ្មោះទាំងអស់ ចំនួន៤១គ្រួសារ ដោយពួកគាត់មានឈ្មោះមានអត្តសញ្ញាណ និងកាន់កាប់លើទីតាំងដីជាក់ស្ដែង និងរួមគ្នាធ្វើសំណើសុំទៅរាជរដ្ឋាភិបាលច្បាស់លាស់ ហើយក្រោយពេលរាជរដ្ឋាភិបាលសំរេចកាត់ដីឲ្យពួកគាត់ គឺមានការបែងចែកគ្នាទៅតាមចំនួនជាក់ស្ដែង ហើយពួកគាត់បានរៀបចំចាត់ចែងដីទាំងអស់ នោះរៀងៗខ្លួនចប់សព្វគ្រប់អស់ទៅហើយ។
ពាក់ព័ន្ធទៅនឹងការប្ដឹងរបស់មេធាវីតំណាងអោយម្ចាស់ដី៧គ្រួសារ និងបណ្ដឹងរបស់ម្ចាស់ដី៤នាក់ទៀតដែលប្ដឹងលោក ពីបទរំលោភយកដីដែរនោះ តាមពិតសុទ្ធតែជារឿងភ័ន្តច្រឡំ និយាយរួមទីតាំងដីខុសគ្នា ព្រោះលោកពេលទិញដីគឺចុះទៅពិនិត្យមើលដល់ទីតាំងជាក់ស្ដែង ទិញដីមានប័ណ្ណកម្មសិទ្ធិ និងមានសាលដីកាស្ថាពរពីតុលាការកំពូល មានមន្ត្រីសុរិយោដីចុះវាស់វែងកំណត់ព្រំត្រឹមត្រូវ តែអ្នកខ្លះទិញដីតែតាមផែនទី ទិញដីតាមតែអ្នកគួកជេរចង្អុល ក្រោយទិញគ្មានការគ្រប់គ្រងថែរក្សាត្រឹមត្រូវដល់ព្រៃដុះជុំជិត ទៅរកដីមិនឃើញ ហើយចេះតែដើរចង្អុលជាដើម។
ដូចករណីដីរបស់ឈ្មោះ នង សូយេត ដែលកាន់តែប្លង់កម្មសិទ្ធិទីតាំងផ្សេងយកមកប្ដឹងលោក ពេលមន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង គឺប្លង់ទីតាំងដីរបស់គាត់នៅឆ្ងាយពីទីតាំងដីរបស់លោកជាង២០០០ម៉ែត្រឯណោះ។
ចុងក្រោយ លោកឧកញ៉ា ភឺន ផល្លា សូមអំពាវនាវដល់បុគ្គលដែលចោទថា លោករំលោភយកដីធ្លី សូមយកឯកសារភស្តុតាងមកជួបតទល់ដោះស្រាយគ្នា តាមផ្លូវច្បាប់នៅចំពោះមុខមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ និងចុះទៅពិនិត្យមើលដល់ទីតាំងដីជាក់ស្ដែងទាំងអស់គ្នា លោករង់ចាំស្វាគមន៏ជានិច្ច ហើយគួរតែបញ្ឈប់ទៅការយកព័ត៌មានចាស់ៗ និងឯកសារគ្មានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ឬឯកសារក្លែងក្លាយ មកលួចវាយប្រហាររូបលោកពីក្រោយខ្នង តាមបណ្ដាញព័ត៌មានឬបណ្ដាញសង្គម Facebook៕