(សិង្ហបុរី)៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូប បានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។
យោងតាមប្រភពដដែល កាលពីថ្មីៗនេះ អ្នកស្រី Nur Syazwani Muhammad Rosdi ដែលមានអាយុ ២៥ឆ្នាំ មានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកស្រីបានរើបម្រះ និងឈឺពោះខ្លាំងដែលជាសញ្ញាបង្ហាញ អ្នកស្រីនឹងត្រូវសម្រាលក្នុងពេលឆាប់ៗ។ អ្នកស្រី និងស្វាមី ដែលរស់នៅតំបន់ Canberra ក៏បានកក់រថយន្ត Grab ដើម្បីដឹកពួកគាត់ទៅមន្ទីរពេទ្យ Thomson Medical Centre ភ្លាមៗ ប៉ុន្តែ បន្ទាប់ពីធ្វើដំណើរបាន១០នាទី ទឹកភ្លោះរបស់អ្នកស្រី Syazwani ក៏បានបែក។
អ្នកស្រី Syazwani បានសរសេលើកទំព័រ Facebook របស់ខ្លួនថា «ខ្ញុំបានព្យាយាមគ្រប់គ្រងរាងកាយរបស់ខ្ញុំ ការកន្ត្រាក់ និងរាល់ការឈឺចាប់ផ្សេងទៀតដែលបានកើតឡើង។ បន្ទាប់មករាងកាយរបស់ខ្ញុំបានសម្រេចចិត្តសម្រាលតែម្ដងទៅ…ខ្ញុំមិនអាចទ្រាំបានឡើយ និងបង្ខំចិត្តបោះបង់ការខ្មាស់អៀន ព្រោះរាងកាយរបស់ខ្ញុំបានប្រាប់ឲ្យរុញទារកចេញ ហើយខ្ញុំក៏ធ្វើបានសម្រេចតែម្តង»។
លោក Kamarulnizam ជាស្វាមីរបស់អ្នកស្រី Syazwani បាននិយាយថា ការសម្រាលកូននេះ បានចំណាយពេលអស់១០នាទី ដែលលឿនណាស់ បើប្រៀបធៀបទៅកូនពីរដំបូងរបស់លោក។ លោកបន្ដថា «ដៃម្ខាងខ្ញុំកាន់កូនស្រីខ្ញុំ ហើយដៃម្ខាងទៀតខ្ញុំកាន់សុករបស់ប្រពន្ធខ្ញុំ»។
អ្នកស្រី និងស្វាមីបានមកដល់មន្ទីរពេទ្យបន្ទាប់ពីបានចំណាយពេល៣០នាទី ក្នុងការធ្វើដំណើរក្នុងរថយន្ត Grab ហើយអភ័យទោសដែលធ្វើឲ្យប្រឡាក់នៅក្នុងឡានរបស់អ្នកបើកបរ ហើយរំខានដល់អាជីវកម្មរបស់អ្នកបើកបររូបនោះ។
សូមជម្រាបថា នេះជាលើកទី៤ហើយ ដែលទារកបានកើតនៅក្នុងរថយន្ត Grabនោះ៕