(ក្រចេះ)៖ លោក អឿន បូរារត្ន័ន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ប៉ែន លីណា អភិបាលរងខេត្តក្រចេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យគុណភាពអនាម័យ សុវត្ថិភាពចំណីរអាហារ ការអនុវត្តគោលការណ៍ល្អ នៅតាមភោជនីយដ្ឋាននានាក្នុងខេត្តក្រចេះ។
លោក អឿន បូរារត្ន័ន៍ បានឲ្យដឹងថា តាមរយៈសេចក្តីប្រកាសរបស់អន្តរក្រសួងលេខ៨៦៨ ក្រសួងសុខាភិបាល មានតួនាទីសំខាន់លើការចុះត្រួតពិនិត្យគុណភាពអនាម័យ សុវត្ថិភាពចំណីអាហារ ការបានចេញវិញ្ញាបនបត្របញ្ជាក់អនាម័យ និងវិញ្ញាបនបត្របញ្ជាក់អនុវត្តល្អនៅក្នុងភោជនីយដ្ឋាន។
ក្រសួងមានក្រុមការងារ តែងតែចុះពិនិត្យគុណភាពអនាម័យ សុវត្ថិភាពចំណីអាហារ នៅតាមភោជនីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដារាជធានី/ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមការសង្កេតការចុះត្រួតពិនិត្យនៅពេលកន្លងមក ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្រពីរប្រភេទគឺទី១៖ វិញ្ញាបនបត្របញ្ជាក់អនាម័យល្អ ជូនភោជនីយដ្ឋាន ឬអាហារដ្ឋានលក្ខណៈគ្រួសារ ដែលត្រួតពិនិត្យដោយក្រុមការងារ និងឧបករណ៍បច្ចេកទេសជាក់លាក់របស់ក្រសួង និងបានវាយតម្លៃទៅលើ ៣២ចំណុច មុននឹងចេញវិញ្ញាបនបត្រជូនភោជនីយដ្ឋាន ដែលមានលក្ខណៈស្តង់ដារ ៣២ចំណុច រហូតមកដល់ពេលនេះក្រសួងបានវិញ្ញាបនបត្រសរុបចំនួន ២៤៥២កន្លែង។
វិញ្ញាបនបត្រទី២ គឺវិញ្ញាបនបត្របញ្ជាក់គោលការណ៍ល្អ អនុវត្តល្អ អនាម័យល្អ គឺសំដៅទៅលើភោជនីយដ្ឋានធំៗ ប្រណិត និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលមានប្រភេ A B និងC ដោយមានឧបករណ៍វាស់វែងតាមបែបវិទ្យាសាស្ត្រលើ ៧២ចំណុច ដោយគិតពីបរិស្ថាន កន្លែងចំអិន និងបន្ទុប់អនាម័យ ក្នុងនោះប្រសិនបើមានភោជនីយដ្ឋានណាអនុវត្ត លើសពី៨០% ឡើងទៅទទួលបានវិញ្ញា បនបត្រ ប្រភេទ A ពី ៧០ទៅ៨០% ប្រភេទ B និងចាប់ពី ៦០ទៅ៧០% ទទួលបានប្រភេm C ។
លោកបញ្ជាក់ទៀតថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ គុណភាពអនាម័យ សុវត្ថិភាពចំណីអាហារ និងការអនុវត្តល្អ នៅតាមភោជនីយដ្ឋានមួយចំនួនក្នុងខេត្តក្រចេះ ក្នុងនោះសង្កេតឃើញថា ភាគច្រើន នៃភោជនីយដ្ឋានទាំងនោះ នៅមិនទាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីអនាម័យនៅឡើយទេ។ តាមពិតខេត្តមានភោជនីយដ្ឋានច្រើន ដែលអនុវត្តអនាម័យបានល្អ ជាក់ស្តែង ដូចនៅភោជនីយដ្ឋាន ជេសមីន បូត (JASMINE BOAT) គឺអាចទទួលបានវិញ្ញាបនបត្រ ប្រភេទ B។
ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺចង់បានភោជនីយដ្ឋាន ឬអាជីវកម្ម ដែលពាក់ព័ន្ធនឹងចំណីអាហារ ធ្វើម៉េចត្រូវអនុវត្តឲ្យបានតាមគោលការណ៍អនាម័យទូទាំងប្រទេស។ លោកបានបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍របស់ភោជនីយដ្ឋាន ដែលទទួលបានវិញ្ញបនបត្រពីក្រសួងសុខាភិបាល គឺមានច្រើន ទី១- បានទទួលការអះអាងពីក្រសួងសុខាភិបាលថា ភោជនីយដ្ឋានរបស់គាត់គឺផ្គត់ផ្គង់ចំណីអាហារប្រកបដោយសុវត្ថិភាព ទី២- គាត់មានទំនុកចិត្តពីអតិថិជន ដែលមានបំណង់ចង់មកទទួលទាននៅភោជនីយដ្ឋានរបស់ខ្លួន ទី៣- គឺគាត់បានចូលរួមលើកកម្ពស់ដល់កិត្តិយសមុខមាត់ប្រទេសជាតិផងដែរ តាមរយៈការផ្សព្វផ្សាយបន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីសុវត្ថិភាពចំណីអាហារពីភោជនីយដ្ឋាន ក៏ដូចជាពីខេត្តក្រចេះតែម្តង។
ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ ទាំងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលមិនទាន់បានសុំវិញ្ញាបនបត្រ បញ្ជាក់អនាម័យល្អ និងវិញ្ញាបនបត្រ បញ្ជាក់ការអនុវត្តគោលការណ៍ល្អ សូមធ្វើការទំនាក់ទំនង ឬសហការល្អជាមួយក្រុមការងារត្រួតពិនិត្យគុណភាពអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីជួយសម្រួល ចុះបញ្ជី និងផ្តល់វិញ្ញាបនបត្របានគ្រប់ៗគ្នា៕