(បាត់ដំបង)៖ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មណ្ឌលហែលទឹកខេត្ត និងសាងសង់បន្តនូវអគារ បណ្ណាល័យសម្តេចនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រតិភូអមដំណើរ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំង សាស្រ្តចារ្យ សិស្សនិស្សិតប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានរាយការណ៍ពីសកម្មភាពការងារសាកលវិទ្យាល័យបាត់ដំបង ដែលបានបណ្តុះបណ្តាលសិស្សនិស្សិត ក៏ដូចជា បានកសាងធនធានមនុស្សជាច្រើននាក់ក្នុង១ឆ្នាំៗ និងបានខិតខំធ្វើការងារសង្គមផ្សេងៗទៀត លើគ្រប់វិស័យផងដែរ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ដើម្បីបំពេញសេចក្តីត្រូវការរបស់សាកលវិទ្យាល័យបាត់ដំបង យើងបានមូលមតិគ្នាឯកភាពគ្នា ធ្វើមណ្ឌលកីឡាដ្ឋានហែលទឹក១កន្លែង នៅក្នុងបរិវេណសាកលវិទ្យាល័យនេះ ដោយបានចំណាយទឹកប្រាក់ ២លានដុល្លារ និងប្រើពេលសាងសង់រយៈពេល ២៤ខែ លើផ្ទៃដីទំហំ ១១២ម៉ែត្រគុណ ៦៥ម៉ែត្រ យកតាមស្តង់ដារដូចខេត្តផ្សេងទៀតដែលបានកសាងរួចហើយផងដែរ»។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ទទឹមនឹងការសាងសង់អាហែលទឹកនេះហើយ សម្តេចសម្រេចបន្តធ្វើបណ្ណាល័យឲ្យហើយផងដែរ គឺទុកសម្រាប់ឲ្យសិស្ស-និស្សិត បានចូលអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ព្រោះចំណេះដឹងខ្លះឆាបចេះ គឺដោយសារតែបានអានសៀវភៅច្រើនផងដែរ។ នៅក្នុងឱកាសនោះដែរ គណ:អធិបតីក៏បានចុចប៊ូតុងបើកការដ្ឋានសាងសង់ មណ្ឌលហែលទឹកនេះជាផ្លូវការចាប់ពីពេលតទៅផងដែរ៕