(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ឱកាសការងារចំនួន ១,៧៨៣កន្លែងទៀតហើយ កំពុងរង់ចាំ សិស្ស/និស្សិត អ្នកស្វែងរកការងារ និងអ្នកមានបំណងចង់ផ្លាស់ប្តូរការងារថ្មី ជាមួយនឹងក្រុមហ៊ុនធំៗ ចំនួន១១ ក្នុងវេទិកាការងារ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗដែលចូលរួមជ្រើសរើសកម្លាំងពលកម្ម រួមមាន៖ ក្រុមហ៊ុន Super Duper , Chip Mong Group , Ming Wuoy Group , Modern Intergrated Service , BS Land and Home , MJQ Education , Hattha Kaksekar Limited , WB Finance Cambodia , Asianerial Advisory Int co., ltd. , Noyakong Group , Brown Coffee and Bakery ។
សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕