(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយសមាជិក នៃគណៈកម្មាធិការសាខា អនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិណងបួរ ឃុំណងឃិលឹកស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺ គ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាល់ទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា។
ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញ បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារកសិកម្មឡើងវិញ។
ទទឹមនឹងនោះដែរ លោកបានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នាយកចិត្តទុកដាក់ជួសជុលលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយសម្រួល ការធ្វើដំណើរទៅមកមានលក្ខណៈងាយស្រួល។
លោកបន្ថែមថា ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ដើម្បីជួយសម្រាលនូវការខ្វះខាតមួយរយៈពេលខ្លី។ នាឱកាសនោះដែរលោក ស្វាយ សំអ៊ាង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ២៤៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕