(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវដល់ពលរដ្ឋទូទាំងខេត្ត សូមឲ្យទទួលទានសាច់ជ្រូកជាធម្មតាឡើងវិញ ដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជសកសិករ ឲ្យខិតខំចិញ្ចឹមជ្រូកបន្តទៀត។

អំពាវនាវបែបនេះ ធ្វើឡើងក្នុងកម្មពិធីពិសារសាច់ជ្រូកសុវត្ថិភាព នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅរង្វង់មូលធូរ៉េនទីរួមខេត្តកំពត ដោយមានការចូលរួមពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ ស្ថាប័នតុលាការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករប្រមាណ ៤០០នាក់។

លោក ជាវ តាយ បានថ្លែងថា ជំងឺប៉េសជ្រូកអាហ្វ្រិកជាជំងឺឆ្លងរាតត្បាតខ្លាំង ដែលចម្លងពីសត្វជ្រូកទៅសត្វជ្រូក និងរវាងសត្វជ្រូកស្រុក និងសត្វជ្រូកព្រៃតែប៉ុណ្ណោះ ហើយជំងឺនេះមិនមានការឆ្លង ឬបង្កផលអវិជ្ជមាន មកលើសុខភាពមនុស្សឡើយ។ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំយល់ច្រលំ ហើយសូមចូលរួមពិសារសាច់ជ្រូក ឲ្យបានដូចពេលធម្មតាឡើងវិញ។

លោកអភិបាលខេត្ត បន្តទៀតថា នៅក្នុងរយៈពេលដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសកម្ពុជា មានមតិមួយចំនួនបានលើកឡើងថា ការពិសាសាច់ជ្រូក អាចមានផលប៉ះពាល់ចំពោះសុខភាពមនុស្ស តែក្នុងពេលនេះក្នុងនាមរដ្ឋបាលខេត្ត រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សូមបញ្ជាក់ដដែលថា ការបរិភោគសាច់ជ្រូកដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញបសុពេទ្យ និងឆ្លងកាត់ការចំអិនជាធម្មតា នៅតែមានសុវត្ថិភាព ចំពោះសុខភាពមនុស្ស។

លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា តាមស្ថិតិសត្វជ្រូកនៅក្នុងខេត្តកំពត សរុបមានចំនួន ៨៩៦០១ក្បាល ចំណែកឯស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមាន ២០កន្លែង មានសត្វជ្រូកសរុបចំនួន ២១១៥៥ក្បាល។

ក្នុងឆមាសទី១ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំរំងាប់មេរោគ) នៅកន្លែងចិញ្ចឹមជ្រូក បានចំនួន ៦៧កន្លែង នៅតាមភូមិដ្ឋាន និងទ្រុងចិញ្ចឹមរបស់ប្រជាពលរដ្ឋ បានចំនួន១៧ដង , សត្តឃាតដ្ឋាន ៩៩ដង និងតាមផ្លូវជាតិចំនួន ៧ដង។

ជាងនេះទៅទៀត ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៩ មន្ត្រីជំនាញបានដកហូត និងកម្ទេចគ្រឿងក្នុងជ្រូក ៦៧គឺឡូក្រាម, ផ្ទាំងសាច់សត្វជ្រូកចំនួន ៤៥គីឡូក្រាម ឆ្អឹងជ្រូកឈឺ ៣១២គឺឡូក្រាម នៅស្រុកឈូក ដែលនាំចូលពីខេត្តតាកែវ ដកហូត និងកប់សត្វជ្រូកឈឺទាំងមូល ចំនួនមួយក្បាលទម្ងន់ ១៦០គីឡូក្រាម នៅស្រុកអង្គរជ័យ ដែលនាំចូលពីខេត្តតាកែវ, បានដកហូត និងដុតកំទេចសាច់លាយឆ្អឹងសត្វជ្រូកឈឺចំនួន ៣៥គីឡូក្រាម នៅក្រុងកំពត៕