Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វង សូត ដឹកនាំកិច្ចប្រជុំរៀបចំក្រុមការងារត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ «មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី» នៅខែកញ្ញាខាងមុខ

14-08-2019 13:37

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីរៀបចំក្រុមការងារសាងសង់ និងជួសជុលអគារសម្រាប់ជា «មណ្ឌលយុវនីតិសម្បទា» និងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលថែទាំ និងស្តានីតិសម្បទាជនវិបល្លាសស្មារតី»។

«មជ្ឈមណ្ឌលថែទាំ និងស្តានីតិសម្បទាជនវិបល្លាសស្មារតី» ដែលស្ថិតនៅក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តី វង សូត បានពិភាក្សាពីលើការរៀបចំ មណ្ឌលយុវនីតិសម្បទាមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ប្រព័ន្ធបរិស្ថាន, រចនាសម្ព័ន្ធអគារជាដើម។

លោក វង សូត បានបញ្ជាក់ឲ្យដឹងថា «មណ្ឌលយុវនីតិសម្បទា» កសាងឡើងដើម្បីគ្រប់គ្រងអនីតិជនទំនាស់នឹងច្បាប់ ធានាការពារសិទ្ធិសុវត្ថិភាព និងលើកស្ទួយសុខុមាលភាពរាងកាយ និងស្មារតី របស់អនីតិជនជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមានៃអង្គការ សហប្រជាជាតិសម្រាប់គ្រប់គ្រង វិស័យយុត្តិធម៌អនីតិជន និងវិធានរបស់អង្គការ សហប្រជាជាតិសម្រាប់ការពារអនីតិជន ដែលត្រូវបានដកហូតសេរីភាព, ស្តារនីតិសម្បទាទណ្ឌិត និងធ្វើសមាហរណកម្មទណ្ឌិត ដែលបានអនុវត្តទោសរួច ហើយទៅក្នុងសង្គម និងសហគមន៍។

សម្រាប់ទីតាំងមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានទំហំជិត៣ហិកតា មានទីតាំងមុខសាលាស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ សម្រាប់ការដាក់ដំណើរការមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានការបែងចែកច្បាស់លាស់ ទៅតាមប្រភេទជនរងគ្រោះ ដោយជនរងគ្រោះជាស្រ្តី ជនរងគ្រោះជាបុរស និងជនមានស្មារតីមិនប្រក្រតីធ្ងន់ធ្ងរនៅដាច់ដោយឡែកពីគ្នា និងទាមទារអោយមានមន្រ្តី និងបុគ្គលិកប្រចាំការ២៤ម៉ោង ដើម្បីថែទាំ និងផ្ដល់សេវាកម្មផ្សេងៗ។

រដ្ឋមន្រ្តី វង សូត បានអះអាងថា មណ្ឌលថែទាំនិងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតី ពុំមែនជាទីឃុំឃាំងនោះទេ ដោយមណ្ឌលនេះមានលក្ខណៈជាប្រព័ន្ធប្រៀប បានទៅនឹងផ្ទះ ដោយមានកន្លែងស្នាក់នៅ កន្លែងព្យាបាល កន្លែងបរិភោគអាហារ កន្លែងហាត់ប្រាណជាដើម។ ជាពិសសេសសម្រាប់ជនររងគ្រោះ ដែលទទួលបានភាពធូរស្រាល មានស្មារតីជាប្រក្រតីធម្មតាវិញ និងធ្វើសមហារណកម្មទៅកាន់សហគមន៍វិញ ដោយក្រសួងនឹងបន្តការតាមដានស្ថានភាពរបស់ពួកគេ៕