(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ បានរៀបចំវេទិកាស្តីពី «មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល» រយៈពេលមួយថ្ងៃពេញ នាថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៩ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
វេទិកានេះ បើកក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបិទបញ្ចប់ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីរាជការពីគ្រប់ក្រសួង-ស្ថាប័ន រួមមាន ស្ថាប័ន នីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ ទាំងរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់មូលដ្ឋាន, ស្ថាប័នតុលាការ ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សា និងបណ្ឌិតសភា ដែលមានចំនួនសរុបប្រមាណ ៦៥០ រូប ។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចំនួន ២ ដូចខាងក្រោម៖
១៖ ចែករំលែក ផ្លាស់ប្តូរ ស្វែងយល់ពីគ្នាទៅវិញទៅមកនូវបទពិសោធន៍ ចំណេះដឹង និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តមុខងារនីតិកម្មរបស់អង្គភាពនីតិកម្ម នៅតាមក្រសួង-ស្ថាប័ន ក្នុងការគាំទ្រដល់ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល។
២៖ សហការ ពិនិត្យ ពិចារណា និងពិភាក្សាលើការបង្កើតគុណតម្លៃ រួមសម្រាប់មុខងារនីតិកម្ម ក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្ត និងវាយតម្លៃការអនុវត្តការងារកែទម្រង់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។
ជាកិច្ចបើកវេទិកា, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វេទិកានេះ ជាកាលានុវត្តភាពដ៏កម្រមួយ ដែលស្ថាប័នដឹកនាំការងារកែទម្រង់តាមក្រសួង-ស្ថាប័ន និងអង្គភាពដឹកនាំការងារនីតិកម្មរបស់រាជរដ្ឋាភិបាល បានមកជួបជុំគ្នាដើម្បីពិភាក្សាអំពីទំនាក់ទំនង និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះចំនួន ២ ជូនដល់អង្គវេទិកា ដើម្បីជាគតិពិចារណា និងពិភាក្សា៖
ទី១៖ ពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌទំនាក់ទំនង រវាងមុខងារនីតិកម្ម និងមុខងារកែទម្រង់ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ជាពិសេស លើយន្តការស្ថាប័ន ដែលត្រូវទទួលបន្ទុកដឹកនាំ ឬសម្របសម្រួល និង
ទី២៖ ពិនិត្យ និងពិភាក្សាអំពីសារៈសំខាន់ ឬភាពចាំបាច់ នៃការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យប្រសិទ្ធភាពអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង-ស្ថាប័ន ជាអន្តរវិស័យ, អន្តរស្ថាប័ន ឬកម្រិតរដ្ឋាភិបាល ដើម្បីគាំទ្រការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅតាមការដ្ឋានកែទម្រង់នីមួយៗ ឬជាការដ្ឋានអន្តរកែទម្រង់ ព្រមទាំង គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ។
ជាកិច្ចបន្ទាប់, ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
អង្គវេទិកា បានប្រព្រឹត្តទៅតាមរយៈបទបង្ហាញគន្លឹះ របស់ក្រសួងដឹកនាំការងារកែទម្រង់ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានពិភាក្សាយ៉ាងសកម្ម ផុសផុល អំពីបទពិសោធន៍ បញ្ហាប្រឈម និងតួនាទី នៃមុខងារនីតិកម្ម ដើម្បីជំរុញល្បឿននៃការងារកែទម្រង់ ដោយបែងចែកការពិភាក្សាតាមក្រុម ។
ការពិភាក្សាផ្តោតលើមុខងារនីតិកម្ម ដើម្បីការកែទម្រង់, លទ្ធភាពសម្រេចបាន, បញ្ហាប្រឈម, បទពិសោធន៍ជោគជ័យ និងអនាគតមុខងារនីតិកម្ម ដើម្បីការកែទម្រង់។
ក្រុមទី១៖ មុខងារនីតិកម្ម គាំទ្រដល់ការរៀបចំ ការអនវុត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តផែនការយុទ្ធសាស្ត្រ និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល
ក្រុមទី២៖ មុខងារនីតិកម្ម គាំទ្រដល់ការរៀបចំ ការអនវុត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
ក្រុមទី៣៖ មុខងារនីតិកម្ម គាំទ្រដល់ការរៀបចំ ការអនវុត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ
ក្រុមទី៤៖ មុខងារនីតិកម្ម គាំទ្រដល់ការរៀបចំ ការអនវុត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ក្រុមទី៥៖ មុខងារនីតិកម្ម គាំទ្រដល់ការរៀបចំ ការអនវុត្ត និងការត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
នៅក្នុងកម្មវិធីបិទវេទិកា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានថ្លែងអបអរសាទរយ៉ាងកក់ក្ដៅ ជាមួយនឹងលទ្ធផលតាមការរំពឹងទុក នៃវេទិកាមួយថ្ងៃពេញនេះ ។
សម្តេចក្រឡាហោម ស ខេង ក៏បានគូសរំលេចអំពីចំណុចគន្លឹះ នៃសារៈសំខាន់ និងភាពប្រទាក់ក្រឡានៃការអនុវត្តមុខងារនីតិកម្ម និងការងារកែទម្រង់ ព្រមទាំងបានផ្ដល់អនុសាសន៍ ឲ្យក្រសួង-ស្ថាប័ននីមួយៗ ពិនិត្យ និងពិចារណា លើការពង្រឹងការអនុវត្តការងារនីតិកម្ម ជាមួយនិងការងារកែទម្រង់ ដើម្បីប្រសិទ្ធភាពនៃអភិបាលកិច្ចល្អ៕