(កំពង់ឆ្នាំង)៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានសហការជាមួយសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី ចុះចែកសម្ភារសិក្សា ជូនដល់សិស្សានុសិស្សឥស្លាម ចំនួន៣០០នាក់ និងជូនកាដូដល់លោកគ្រូ-អ្នកគ្រូ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមប្រធានបទ «ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម»។
ការចុះចែកសម្ភារសិក្សា ជូនដល់សិស្សានុសិស្សឥស្លាម ចំនួន៣០០នាក់ ខាងលើនេះ បានរៀបចំធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សា ម៉ាហ្វាតីហុលអូលូម ស្ថិតនៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានបញ្ជាក់ថា ការចុះចែកសម្ភារសិក្សានេះ ក្នុងគោលបំណង ចង់ឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ស្រលាញ់ការរៀនសូត្រ យកចិត្តទុកដាក់ការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ដល់សង្គម ដែលសង្គមកម្ពុជាយើង មានចំពោះក្មួយៗ។
ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានបន្ថែមទៀតថា ជាងនេះទៅទៀត ក៏ចង់ឲ្យក្មួយៗទាំងអស់ស្រលាញ់ធម្មជាតិ ថែរក្សាព្រៃឈើ និងបំផុសឲ្យប្រជាជនចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើងទាំងអស់គ្នា។
ជាមួយគ្នានោះ តាំងនាមឲ្យសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា លោក មែ ស៊ីថុន សូមចូលរួមរីករាយបុណ្យរ៉យ៉ាហាជ្ជី ជាមួយលោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងសាសនិកឥស្លាមទាំងអស់ផងដែរ។
លោកថា «លោកអ៊ុ លោកពូ អ្នកមីង បងប្អូនដែលជាសាសនិកឥស្លាម ដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា គឺជាជនជាតិខ្មែរតែមួយ និងរស់នៅក្រោមដំបូលសុខសន្តិភាពពេញលេញ ដូច្នេះការរាប់អាន សេចក្តីស្រលាញ់ ឬការប្រាស្រ័យទាក់ទងគ្នា សូមកុំមានការប្រកាន់សាសនាអ្វីឡើយ»។
សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិត្សនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិតដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕