(កំពង់ចាម)៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចដេប៉ូលក់គ្រឿងសំណង់ ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាឲ្យក្រុមការងារ ពន្លត់អគ្គីភ័យចេញរថយន្ត ចំនួន៤គ្រឿង ក្នុងនោះ មានរថយន្តស្រុកកំពង់សៀម១គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ដើម្បីអន្ដរាគមន៍សង្គ្រោះ។
ក្រោយជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលប្រមាណជិត ២ម៉ោង កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង នូវគ្រោះថ្នាក់សង្គមមួយនេះ ដោយប្រើប្រាស់អស់ទឹក ១៦ស៊ីទែន។ ដោយឡែក សម្រាប់មូលហេតុវិញ លោកស្នងការមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ ដោយម្ចាស់ផ្ទះមិននៅ។
សម្រាប់ទំហំនៃការខូចខាតវិញ អគ្គិភ័យបានបំផ្លាញ ម៉ូតូ១គ្រឿង ព្រមទាំងឈើ និងសម្ភារគ្រឿងសំណង់មួយចំនួន តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ៕