(កណ្តាល)៖ គំនរសំរាមដ៏ធំ និងស្អុយរលួយជះក្លិនអាក្រក់ទៅលើភ្ញៀវទេសចរ ព្រះសង្ឃគង់នៅវត្តកៀនស្វាយក្រៅ រួមនិងអ្នករស់នៅក្បែររម្មណីយដ្ឋាននោះផងដែរ ពេលនេះត្រូវបានរំដោះចេញ ហើយដោយលោក ប៉ោ សេង អ្នកគ្រប់គ្រងភាស៊ីផ្សាគរគី យករថយន្ត និងសាស័រចូកដឹកយកទៅចាក់ចោលនៅទីតាំងចាក់សំរាមរបស់ស្រុកស្អាង ដោយប្រើរយៈពេល ២ថ្ងៃទើបដឹកជញ្ជូនចេញអស់។
ជាមួយគ្នានោះ អាជ្ញាធរស្រុកកៀនស្វាយ បានធ្វើវេទិកាសាធារណៈផ្សព្វផ្សាយដល់អាជីវករ និងប្រជាពលរដ្ឋ ឲ្យបានយលពីរបៀបទុកដាក់សំរាម និងបែងចែកសំរាមផងដែរ។ ការធ្វើវេទិការសាធារណៈនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណរម្មណីយដ្ឋាន ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមវត្តមានលោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម និងលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពីលោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ, លោក ប៉ោ សេង អ្នកគ្រប់គ្រងភាស៊ីផ្សារគរគី និងប្រជាពលរដ្ឋជិត ៣០០នាក់ផងដែរ។
លោក អ៊ូ ឈាង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះស្រលាញ់បរិស្ថាន ហើយបរិស្ថាន គឺកើតចេញមកពីយើងទាំងអស់គ្នា ត្រូវទុកដាក់សំរាមឲ្យបានល្អ មិនត្រូវ យកបោះចោលទីកន្លែងណាដែលហាមឃាត់នោះទេ។ ការចេះតែបោះចោលអនាធិបតេយ្យ វាបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ និងប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកបានបញ្ជាក់ថា «ប្រសិនបើ មិនគោរពតាមច្បាប់ បន្តបោះចោលសំរាមចោលទីសាធារណៈនោះ បង្កឲ្យប៉ះពាល់បរិស្ថាន នោះពេលកម្លាំងសមត្ថកិច្ចឃាត់បាន យើងនឹងធ្វើការផាកពិន័យ ទៅតាមផ្លូវច្បាប់ ប៉ុន្តែបើផាកនៅតែមិនរៀងចាល នៅតែបន្តបោះចោលបែបអនាធិបតេយ្យទៀត ជាចុងក្រោយអាចប្រឈមនឹងទោសទណ្ឌផងដែរ ដូច្នេះបងប្អូនត្រូវតែគោរពច្បាប់ទាំងអស់គ្នា»។
ជាមួយគ្នានោះលោក ពៅ គឹមលី បានពន្យល់បន្ថែមពីការវេចខ្ចប់សំរាម និងបែងចែកសំរាមឲ្យបានត្រូវ មិនត្រូវចេះតែបោះចោលនោះទេ ទីកន្លែងដែលយើង កំណត់ឲ្យដាក់សំរាម គឺបងប្អូនត្រូវយកសំរាម យកទុកទីតាំងនោះ ដើម្បីងាយស្រួលដល់អ្នកប្រមូលដាក់រថយន្ត ដោយលោកបានកំណត់ឲ្យដាក់នៅខាងក្រោយតូបរបស់ខ្លួន ក្រោយពេលលក់រួច។
ជាមួយគ្នានោះដែរលោក ប៉ោង សេង ជាអ្នកគ្របគ្រងភាស៊ីផ្សារគរគី បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកកៀនស្វាយ ដែលខិតខំយកចិត្តទុកដាក់លើបញ្ហាសំរាមនេះ និងសូមអរគុណលោក ម៉ក់ ពេជ្ររិទ្ធ ជាអ្នកគ្រប់គ្រងរម្មណីយដ្ឋានកៀនស្វាយក្រៅ ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមកម្មវិធីវេទិការសាធារណៈនេះ។
លោកក៏សូមអរគុណដល់បងប្អូន ដែលបានចូលរួមសហការជាមួយអាជ្ញាធរស្រុក ហើយលោកសង្ឃឹមថា បន្ទាប់ពីយើងប្រមូលសំរាមអស់ និងលាងបរិវេណកំពុងលក់ដូរឲ្យបានស្អាតនោះ បងប្អូន នឹងបន្តថែរក្សាដើម្បីបរិស្ថានស្អាត និងដើម្បីមុខរបរ យើងផងដែរ ព្រោះភ្ញៀវទេសចរណ៍ បើគេមើលទៅឃើញស្អាតមានអនាម័យនោះ គេចង់ហូបរបស់យើងជាមិន បើមានភ្លៀវច្រើននោះ បងប្អូនក៏រកចំណូលបានច្រើនផងដែរ៕