(ភ្នំពេញ)៖ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យរ៉ែ និងថាមពល ចំនួន៤៩៥រូប ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យរ៉ែ និងថាមពល ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ រៀបចំឡើងនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សាលប្រជុំអគ្គនាយកដ្ឋានប្រេងកាត។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល។

លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវមោទនភាព ចំពោះការបង្កើតឡើងនូវ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល ដោយជឿជាក់ថាការបង្កើតនេះ នឹងជាកំលាំងចលកមួយផ្នែកទៀត ក្នុងបុព្វហេតុនៃកិច្ចអភិវឌ្ឍជាតិលើវិស័យរ៉ែ ប្រេងកាត និងថាមពល។

លោកបានថ្លែងចាត់ទុក ការបង្កើតឡើងនូវសហភាពសហព័ន្ធយុវជនកម្ពុជា ថាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចអភិវឌ្ឍសង្គមដែលមានដូចជា ការកៀរគរយុវជនឱ្យចូលរួមក្នុងចលនាលើកតម្កើងកិត្យានុភាព ប្រពៃណី និងវប្បធម៌ជាតិ តាមរយៈ ការបង្កើតនូវកម្មវិធីជាតិ ការចូលរួមក្នុងកម្មវិធីអន្តរជាតិនានា ការចូលរួមអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល និងវគ្គបំប៉នក៏ដូចជាការផ្តល់នូវអាហារូបករណ៍ និងការចូលរួមផ្សេងៗជាច្រើនទៀតទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម។

លោករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែនិងថាមពល លើកិច្ចប្រតិបត្តិការការងាររបស់ខ្លួនមួយចំនួនដូចខាងក្រោម៖

១៖ ត្រូវចងចាំជានិច្ចនូវបុព្វហេតុនៃស្មារតី ០២ ធ្នូ
២៖ រក្សាឱ្យបាននូវភាពចាស់ទុំ ការសាមគ្គី ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក
៣៖ អនុវត្តគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ
៤៖ គោរពនិងអនុវត្តតាមលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា
៥៖ ត្រូវប្រមូលផ្តុំថាមពល និងបញ្ញាញាណ ក្នុងការចូលរួមរាល់សកម្មភាពរបស់ក្រុមការងារ ស.ស.យ.ក ដើម្បីកិច្ចអភិវឌ្ឍសង្គម និងជាពិសេសជំរុញការគ្រប់គ្រង និងអភិវឌ្ឍវិស័យរ៉ែ ប្រេងកាត និងថាមពលរបស់ជាតិយើង៕