(ព្រះសីហនុ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារ (ខ២៧) របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការការនគរបាលខេត្តព្រះសីហនុ និងសហការី បានយកអំណោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជារថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលកំពុងមានការខ្វះខាត។
ក្រុមការងារក៏បានយកសម្ភារមួយចំនួន ចែកជូនដល់អ្នកជំងឺចំនួន ២២០នាក់។ ក្នុងនោះម្នាក់ៗទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភចំនួន ៨លានរៀល ដល់មន្ទីពេទ្យបង្អែកខេត្ត ដែលជាថវិកាចូលរួមចំណែកពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមឧបត្ថម្ភពី លោក ឃូ សុង ចំនួន៣០០០ដុល្លារផងដែរ ព្រមទាំងក្រុមការងារ និងសប្បុរសជននានាផងដែរ។
ជាកិច្ចឆ្លើយតប លោកវិជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការកោតសរសើរ និងអំណរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋ ជាពិសេសសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនគណៈស្នងការនគរបាលខេត្ត និងសហការីក្រោមឱវាទ ព្រមទាំងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាការចូលរួមចំណែកយ៉ាងធំមួយ ក្នុងការសង្គ្រោះប្រជាពលរដ្ឋ៕