(ភ្នំពេញ)៖ ជនសង្ស័យពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបាន ឃាត់ខ្លួនជាបន្តបន្ទាប់។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្តឹងរបស់ លោក យឹម លាង និងជនរងគ្រោះដែលបានចាញ់បោកបុគ្គលទាំងនោះ។
ជនសង្ស័យទី១មានឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ បានសារភាពថា ឈ្មោះ តុប គឹមហុង បានប្រើល្បិច ប្តូរឈ្មោះជា យឹម គឹមហុង កុហក់ជនរងគ្រោះថាជាបងប្អូនជីដូនមួយរបស់លោក យឹម លាង ព្រមទាំងកុហក់ជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន០៦ ត្រូវការជ្រើសបុគ្គលិកចំនួន៣០០នាក់ ហើយគេអាចបញ្ចូលក្របខណ្ឌបាន ដោយត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ ក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$។
ពួកគេបានធ្វើសកម្មភាពបែបនេះ ឆបោកប្រាក់ ពីជងរងគ្រោះ សរុបប្រមាណ១០០នាក់ហើយ តែពុំមានជនរងគ្រោះណាម្នាក់បានចូលក្របខណ្ឌឡើយ រហូតមានជនរងគ្រោះម្នាក់មានការសង្ស័យ ក៏ប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួយធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង៕