(កំពង់ចាម)៖ អាជ្ញាធរស្រុកបាធាយ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែសីហាឆ្នាំ ២០១៩ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះកាយព្រំ និងបោះបង្គោលព្រំដែនដីទំបន់មេទឹកនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើស្រែចំការដោយកន្លងមកតំបន់នេះតែងតែមានការ ទិញលក់។
លោក ផេន សុផល អភិបាលស្រុកបាធាយ បានឲ្យដឹងថា ការចុះបោះបង្គោលព្រំដែនទំបន់មេទឹកទុង ដែលមានទីតាំងដូចខាងលើ ដើម្បីកុំឲ្យមានការលក់ ឬទិញសម្បត្តិសាធារណៈ ដូចទំនប់មេទឹក មួយនេះបន្តទៀត។ លោកបន្តថា កន្លងមកធ្លាប់មានឈ្នួញខិលខូច បានបំពានច្បាប់មានការទិញលក់សម្បត្តិសាធារណៈ ដែលទីកន្លែងនោះ ទោះអ្នកណាក៏គ្មានសិទ្ធិទិញលក់ដែរ។
លោកអភិបាលស្រុកបាធាយ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលពីទំបន់មេទឹក ក៏ដូចជាប្រជាកសិករ ធ្វើស្រែចំការ ត្រូវរួមសហការគ្នាថែរក្សាការពារទប់ស្កាត់ ទុកធ្វើជាប្រភពទឹក ធ្វើស្រែប្រាំង និងស្រែវស្សាធ្វើយ៉ាងណាកុំទន្ទ្រានដីរដ្ឋធ្វើសម្បត្តិឯកជន កុំឲ្យជឿការញុះញង់អ្នកដ៏ទៃ យកសម្បត្តិធម្មជាតិធ្វើអាជីវកម្ម ផ្ទាល់ខ្លួនគឺរួមគ្នាជួយសហការ ថែរក្សាសម្បត្តិរួម ដើម្បីជាប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ដោយឡែក លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងដែរថា ខាងមន្ទីរសហការជាមួយអាជ្ញាធរស្រុកបាធាយ បានចុះហុំព័ន្ធទំបន់មេទឹកមួយនេះ ដែលជាអាង ស្តុកទឹកយ៉ាងសំខាន់ ដោយមិនឲ្យមានយកទៅលក់ ឬទិញបានឡើយ។
ប៉ុន្តែបន្ទាប់ពីមានកិច្ចប្រជុំព្រមព្រៀងគ្នារួចមក អាជ្ញាធរចុះកំណត់បង្គោលព្រំដីទំបន់នោះ ក៏មានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួន មិនអនុញ្ញាតឲ្យមន្ត្រីធ្វើបែបនេះឡើយ។ តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋមួយចំនួន បានឲ្យដឹងថា អ្នកមកតវ៉ា គឺមានមេឈ្មួញដែលធ្លាប់ទន្រ្ទានដីក្នុងមេទឹកកន្លងនៅពីក្រោយ៕