(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តចំការខ្សាច់សង្កាត់ស្ពានថ្ម ព្រមទាំងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បាននាំយកអំណោយ ទៅចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ស្ពានថ្ម និងបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី សរុបចំនួន ៧៧គ្រួសារ។

លោកអភិបាលខណ្ឌ បានពាំនាំការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងសមិទ្ធផលនានា ដែលយើងបានឃើញជាក់ស្តែងស្រាប់។

លោកក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាកម្មករក្រុមហ៊ុន ស៊ីន ទ្រី សូមថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា។

សូមជម្រាបថា អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ និងថវិកា ៣០,០០០រៀល៕