(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី៩ ឆ្នាំ២០១៩ នៅថ្ងៃទី០២-0៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង០៨៖០០ នាទីព្រឹក ដល់ម៉ោង២០៖០០នាទីយប់ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) និងគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ហើយរំពឹងថា នឹងផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង ជូនដល់សិស្ស/និស្សិត និងយុវជនអ្នកស្វែងរកការងារធ្វើ។ សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងដើម្បីជម្រាបជូនដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស និស្សិត ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ជាតិ-អន្តរជាតិ និងសាធារណៈជន ជ្រាបជាព័ត៌មាន។
មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ២០១៩នេះ មានក្រុមហ៊ុនធំៗ ចូលរួមតាំងបង្ហាញរាប់រយ និងទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់ ដែលបានរៀបចំឡើងក្នុងគោលបំណង៖
*ទី១៖ បង្កើតជាវេទិកាការងារដ៏ធំ នៅមួយកន្លែងដោយងាយស្រួលសម្រាប់និយោជក សម្រាប់ផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ ដើម្បីតាំងបង្ហាញធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ
*ទី២៖ លើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈការបង្ហាញគំនិត បទពិសោធន៍ ជំនាញបច្ចេកវិទ្យា និងការអនុវត្តល្អសម្រាប់លើកកម្ពស់ផលិតភាពប្រសិទ្ធភាព ក្នុងការងារដោយវាគ្មិនជាតិ-អន្តរជាតិល្បីៗ
*ទី៣៖ បង្ហាញបេក្ខភាពជ័យលាភីក្នុងការប្រគួតប្រជែងកម្មករនិយោជិតឆ្នើម និងរោងចក្រស្អាត(5S)
*បង្កើតវេទិកាសម្រាប់ពង្រីកបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមអំពាវនាវដល់ក្រសួងស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន ដែលមានបំណងចូលរួមតាំងបង្ហាញស្លាកសញ្ញា ឱកាសការងារ ជ្រើសរើសកម្លាំងពលកម្ម អាចទាក់ទងសួរព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ការងារខាងលើនេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេខទូរស័ព្ទ ០១៧ ៨៧១ ៨០៧ ឬចូលមើលគេហទំព័រ www.event.nea.gov.kh៕