(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ត្រូវតែរួមគ្នាអនុវត្តន៍អនុសាសន៍ទាំង ៤ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធិភាពខ្ពស់ លើការបង្រ្កាប ការនាំចូល ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដោយមានការអញ្ជើញចូលរួមពីលោក គោស៊ុ ប៊ុនសឿត អភិបាលខេត្តស្តីទីខេត្តព្រះវិហារ និងមេបញ្ជាការកងកម្លាំងទាំងបី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេវរនគរបាលការពារព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូបផងដែរ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីឲ្យការងារផ្សព្វផ្សាយការបង្ក្រាប ការទប់ស្កាត់ការនាំចូល និងការប្រើប្រាស់នូវសារធាតុញៀន ទទួលបានប្រសិទ្ធភាពខ្ពស់ សុំឱ្យគណៈកម្មាធិការ ក៏ដូចលេខាធិការដ្ឋានបង្ក្រាបគ្រឿងញៀន ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសការរៀបចំឱ្យមានជនបង្គោលគ្រប់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងទីសាធារណនានាក្នុងផ្តល់ និងទទួលព័ត៌មាន ពីសកម្មភាពបទល្មើសគ្រឿងញៀន។ លើសពីនេះទៀត ត្រូវសហការជាមួយមន្ទីរទេចរណ៍ រៀបចំកិច្ចសន្យា ឬខិតប័ណ្ណអប់រំនៅតាមមណ្ឌលកំសាន្តនានាផងដែរ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ទៀតថា ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តន៍អនុសាសន៍ដឹកនាំទាំង០៤ចំនុច របស់សម្តេចក្រឡាហោម ស ខេង ឱ្យបានខ្ចប់ខ្ជួនដូចជា៖
*ទី១៖ បញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ រាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋាននានា
*ទី២៖ ត្រូវរឹបអូស និងរឹតបន្តឹងការត្រួតពិនិត្យដើម្បីទប់ស្កាត់បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា នាទិសឥសានតាមព្រំដែនកម្ពុជា-ឡាវ
*ទី៣៖ ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន
*ទី៤៖ មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៩នេះ កម្លាំងនគបាល បានធ្វើការបង្រ្កាបករណីគ្រឿងញៀនលើខេត្ត៣ រួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានចំនួន៨៦ករណី ឃាត់ខ្លួនមនុស្ស១៧០នាក់ ស្រី២៣នាក់ ចាប់យកគ្រឿងញៀន ៩,២៧៤ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួនមនុស្ស៦៧នាក់ ស្រី៤នាក់ ចាប់បានគ្រឿងញៀន ១១៨ក្រាម៕