(កំពង់ស្ពឺ)៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារត្រែងត្រយឹង និងតាមបណ្តាស្តង់នានា ដែលស្ថិតក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើការត្រួតពិនិត្យ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។
ក្រុមការងារ បានឱ្យដឹងថា ទោះបីលទ្ធផល ពុំបានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់មែនតែក្រុមការងារមន្រ្តីរបស់យើង ក៏បានអប់រំណែនាំ ដល់បងប្អូនក្រុមអាជីវករ និងអ្នកប្រើប្រាស់ម្ហូបអាហារឱ្យយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យនៃចំណីអាហារផងដែរ ជាពិសេស គឺត្រូវតែដាក់តាំងលក់នូវផលិតផលដែលមានអនុលោមភាព។
ក្រុមការងារ ក៏បានផ្ទៀងផ្ទាត់ទំនិញ រួមជាមួយសម្ភារម្ហូបអាហារ តាមស្តង់នានានៅជុំវិញផ្សារ និងផ្សព្វផ្សាយអំពីផលប៉ះពាល់ ចំពោះសុខភាព ដែលកើតចេញពីការបរិភោគចំណីអាហារខូចគុណភាពផងដែរ៕