(ភ្នំពេញ)៖ អតិថិជនជាច្រើនទូទាំងពិភពលោក ជាពិសេសកម្ពុជាសុទ្ធតែបានដឹងច្បាស់ពីគុណតម្លៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង រួចមកហើយ។ ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែងក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេថែមទាំងគិតដល់សហគមន៍ផងដែរ។
ជាក់ស្តែងនៅពេលនេះ កម្មវិធីថ្មីដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំនេះគឺមានឈ្មោះថា Samsung Technology Program។ វគ្គសិក្សាបំពាក់បំប៉នដែល សាមសុង បានផ្តល់ជូននោះ គឺមានរយៈពេល៩សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដោយផ្តោតលើជំនាញជួសជុល ផ្នែកបរិក្ខារអេឡិចត្រូនិច (CE) ដូចជា៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៍ និងជំនាញជួសជុលស្មាតហ្វូន (IM)។
គួរបញ្ជាក់ផងដែរថា គ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ ក្នុងវគ្គសិក្សាពិសេសនេះ គឺសុទ្ធតែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញក្នុងប្រទេសកម្ពុជា និងមកពីព្រះរាជាណាចក្រថៃផងដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺបន្ទាប់ពីបញ្ចប់វគ្គសិក្សាវិទ្យាស្ថាន ក៏មានការប្រឡង ដើម្បីជ្រើសយកសិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ដើម្បីមានឱកាសបន្តទៅហាត់ការបន្ថែមទៀតនៅមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ។
ជាចុងក្រោយ ក្រុមហ៊ុន សាមសុង មានការប្តេជ្ញាចិត្តថាខ្លួននឹងនៅតែផ្តល់ការសិក្សា និងបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបង្កើននូវជំនាញ ចំណេះដឹង ដល់សហគមន៍ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕