(កំពង់ធំ)៖ លោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនធ្វើការសាងសង់សំណង់ ត្រូវមានលិខិតអនុញ្ញាត មិនមែនយកលិខិតមកសុំដាក់ហើយ អនុញ្ញាតនោះទេ លុះត្រាតែជំនាញបានពិនិត្យ និងមានការអនុញ្ញាតរួចរាល់ ទើបមានការសាងសង់។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងសំណង់ និងការប្រើប្រាស់ដីធ្លី នៅក្នុងតំបន់រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយនាយកដ្ឋាន រៀបចំដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
លោក ផាន់ ណាឌី បានបន្តថា ការប្រើប្រាស់ដីធ្លីការគ្រប់គ្រងលំនៅដ្ឋានសំណល់សាធារណៈ និងសំណង់ផ្សេង នៅក្នុងតំបន់ការពាររមណីយដ្ឋាន សំបូរព្រៃគុក ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលរស់នៅក្នុងតំបន់នោះ បានដឹងនិងយល់ពីបទដ្ឋានគតិយុត្តនានា ក្នុងការរៀបចំដែនដី និងគ្រប់គ្រងសំណង់ នៅក្នុងដែនរមណីយដ្ឋាន។
អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក បានថ្លែងបន្ថែមថា អាជ្ញាធរជាតិសំបូរព្រៃគុក មានភារកិច្ចការពារអភិរក្ស និងថែរក្សាស្លាកស្នាម រចនាសម្ព័ន្ធដែនដីក្រុងបុរាណប្រាសាទ ទំនៀមទម្លាប់ប្រពៃណី បែបបទនៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ នៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុក ឲ្យបានគង់វង្ស ហើយការការពារ និងអភិវឌ្ឍន៍ក្នុងដែនការពាររមណីយដ្ឋាន សំបូរព្រៃគុកគឺធ្វើយ៉ាងណា ផ្អែកសំខាន់បីមានមនុស្ស មរតកវប្បធម៌ និងធម្មជាតិនូវសុខដុមរម្យនា និងតុល្យភាពគ្នា ដើម្បីមានការអភិវឌ្ឍប្រទេសជាតិ។
លោក គង់ គេង អភិបាលរងស្រុកប្រាសាទសំបូរ បានលើកឡើងថា ភូមិដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកមាន១២ភូមិ គឺឃុំសំបូរមាន ភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិសំរិត ភូមិអូគ្រូកែ ភូមិអាត់ស៊ូ ភូមិពោទ្រេត ភូមិ ជាយសំពៅ។ រីឯឃុំជ័យ មានភូមិជ័យ ឃុំតាំងក្រសៅ មានភូមិកំពង់ឈើទាល ដោយឡែក ឃុំសាលាវិស័យ មានភូមិដងអន្ទាក់ ភូមិចំណារ និងបុសស្រមោច៕