(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិល បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំទាំងមូល មេត្តាយោគយល់ចំពោះករណីស្ថាបនាផ្លូវបេតុងកាត់មាត់ស្ទឹងព្រែកអំបិល ប្រវែង ១០,៥០០ម៉ែត្រ ទន្ទឹង៨ម៉ែត្រ ខណៈក្រុមងារងារកំពុងរង់ចាំការចុះហត្ថលេខាពីឧបនាយករដ្ឋរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកគ្រឿងចក្រទៅឈូសឆាយ ស្ថាបនាផ្លូវមួយខ្សែនេះ។

ការសុំយោគយល់របស់លោក កែវ រ៉េមី ទៅប្រជាពលរដ្ឋនៅក្នុងឃុំព្រែកអំបិលនេះ បានកើតឡើងក៏ដោយសារថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងឱកាសដែលលោកបាន ដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋ រៀបចំហូបនំបញ្ចុកសាមគ្គី ដើម្បីសន្តិភាព។ ពេលនោះលោកបានសន្យាស្នើសុំថ្នាក់ដឹកនាំ ដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ដើម្បីធ្វើជាកាដូថ្មីមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល នៅក្នុងឱកាសដែលលោកបានក្លាយជាប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិលនេះ។

តាមរយៈទំព័រ Facebook ផ្លូវការរបស់លោកបានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក កែវ រ៉េមី បានស្នើសុំយ៉ាងដូច្នេះថា៖ «បងប្អូនអ្នកនៅឃុំព្រែកអំបិល តាមសួរខ្ញុំរហូតពីផ្លូវ មួយខ្សែនេះ។ ខ្ញុំបានតាមរឿងនេះរហូតមក សូម្បីតែម្សិលមិញក៏បានសួរគេដែរ តែនៅសល់មួយជំហ៊ានចុងក្រោយប៉ុណ្ណោះ ឲ្យតែបានចុះហត្ថលេខាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឿងចក្រអាចចាប់ដំណើរការបានហើយ។ សូមបង ប្អូនក្មួយៗ អភ័យទោសចំពោះបញ្ហានេះ»

លោក កែវ រ៉េមី បានបន្តថា ក្រុមការងារកំពុងធ្វើការងារនេះ ជាជំហ៊ានៗ ដើម្បីធ្វើយ៉ាងណា កសាងផ្លូវបេតុងមួយខ្សែនេះ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យដូចអ្វីដែលលោកបានសន្យា ហើយក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំព្រែកអំបិលនេះ នឹងមិនឱ្យប្រជាពលរដ្ឋខកបំណងចំពោះគាត់នោះទេ៕