(កោះកុង)៖ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីតាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ ក្រោមវត្តមានលោក អ៊ុក ទី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត ព្រមទាំងវត្តមានលោក អ៊ុក សារិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន និងអាជីករផងដែរ។
លោក អ៊ុក សារិទ្ធ បានថ្លែងថា ពាណិជ្ជកម្មកំរិតថ្នាក់ខេត្ត បានលេចចេញជារូបរាងក្រោម កិច្ចសហការរវាងអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ជាមួយមន្ទីរពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញបរិយាកាសអាជីវករ ពាណិជ្ជកម្មក្នុងស្រុក ឲ្យបានការតែល្អប្រសើរឡើង បង្កើនលទ្ធភាពផលិតកម្ម និងបង្កើនតម្លៃបន្ថែមលើផលិតផល ក្នុងស្រុកបានជាអតិបរិមាផលិតនូវទំនិញថ្មីៗ ដើម្បីបម្រើសេចក្តីត្រូវការ ក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការនាំចេញមុខទំនិញថ្មីៗ ជួយបង្កើនប្រាក់ចំណូលឲ្យមានកំណើន និងកាត់បន្ថយធ្វើចំណាកស្រុកផងដែរ។
លោកបានបញ្ជាក់ថា «ផលិតផលរបស់ខេត្តកោះកុង ដែលត្រូវបានយកមកចូលរួមក្នុងពិធីការតាំងបង្ហាញ ផ្លែឈើហូបផ្លែ តាមរដូវកាលផលិតផលចំនួន១៧មុខ របស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍ចំនួន១៣»។
លោក អ៊ុក ទី បានថ្លែងថា កម្មវិធីនេះជួយឲ្យប្រជាពលរដ្ឋ អាជីវករ ពាណិករ និងម្ចាស់សហគ្រាស បានយល់ដឹងពីការវេចខ្ចប់ការថែរក្សាគុណភាព និងអនាម័យ នៃផលិតផលប្រើប្រាស់សព្វថ្ងៃ ដែលផលិតក្នុងខេត្តកោះកុង និងមន្ត្រីជំនាញសម្រាប់ជួយប្រឹក្សាយោបល់ អំពីការរៀបចំដាក់បាកូតទំនិញការចុះបញ្ជីការការពាម៉ាកសញ្ញា។ល។ ឲ្យសក្តានុពលក្នុងខេត្ត សម្រាប់ពិព័រណធំៗដូចជា ភូមិ១ ផលិតផល១ យុទ្ធនាការទិញផលិតផលខ្មែរ និងអាចឈានទៅដល់ការនាំយកផលិតផលទាំងនោះ ទៅដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលពាណិជ្ជក្រៅប្រទេស។
លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមធ្វើដំណាំកសិកម្ម និងបង្កើតផលិតផលខ្មែរបានកាន់តែច្រើន និងមានគុណភាពបានល្អ៕